តូក្យូ៖ ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយវិទ្យាស្ថាន IBJ Marriage Future Institute បានបង្ហាញថា ចំនួននៃការចាប់គូបានជោគជ័យក្នុងចំណោមមនុស្សអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ នៅក្នុងប្រទេសជប៉ុន បានកើនឡើងរហូតដល់ទៅ ៤ ដង ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។ ទិន្នន័យនៃការចាប់គូជោគជ័យចំនួន ១,៣៨៩ គូ ក្នុងឆ្នាំ ២០២៥ បានបង្ហាញថា ចំនួនមនុស្សវ័យចំណាស់ដែលស្វែងរកដៃគូជីវិតឃើញ មានការកើនឡើងខ្លាំង បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ៣៤៨ គូប៉ុណ្ណោះ កាលពីឆ្នាំ ២០១៧។
យោងតាមការចេញផ្សាយរបស់កាសែត Japan Daily ក្រុមអ្នកវិភាគបានកត់សម្គាល់ថា និន្នាការកើនឡើងនេះ គឺបណ្តាលមកពីកត្តាអាយុកាលរស់នៅវែងជាងមុន ការផ្លាស់ប្តូររបៀបរបបរស់នៅ និងការកើនឡើងនូវបំណងប្រាថ្នាចង់បានដៃគូកំដរជីវិតសម្រាប់ជីវិតពាក់កណ្តាលចុងក្រោយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ អត្រាជោគជ័យក្នុងការស្វែងរកគូស្រករក្នុងចំណោមស្ត្រី បានកើនឡើងប្រមាណ ៥,៨ ដង ដែលលឿនជាងបុរសដែលមានអត្រាកើនឡើង ៣,៤ ដង ដែលចំណុចនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រីកឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងស្វយ័តភាពសង្គមរបស់ស្ត្រីវ័យចំណាស់។
ការសិក្សាក៏បានកត់សម្គាល់ផងដែរថា បុរសដែលមានអាយុលើសពី ៥០ ឆ្នាំ ដែលមិនដាក់លក្ខខណ្ឌអាទិភាពលើការចង់បានកូន មានឱកាសរកគូបានជោគជ័យខ្ពស់ជាងរហូតដល់ ២ ដង ព្រោះពួកគេអាចផ្តោតអារម្មណ៍បានទូលំទូលាយទៅលើភាពចុះសម្រុងគ្នា និងចំណង់ចំណូលចិត្តរួម ជាជាងការដាក់កម្រិតលើរឿងអាយុ។
ការផ្លាស់ប្តូរនេះបានបង្ហាញពីការវិវត្តកាន់តែទូលំទូលាយនៅក្នុងសង្គមវ័យចំណាស់របស់ប្រទេសជប៉ុន ឆ្ពោះទៅរកការផ្តល់តម្លៃលើការគាំទ្រផ្នែកអារម្មណ៍ និងការចង់បានដៃគូជីវិតនៅក្នុងការរៀបការវ័យចំណាស់៕