សេអ៊ូល៖ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ បានប្រកាសអាសន្នពី «ការព្រមានរលកកំដៅកម្រិតធ្ងន់ធ្ងរបំផុត» ជាលើកដំបូងមិនធ្លាប់មាន សម្រាប់បណ្តាក្រុងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស រួមមានក្រុង ផូហាំង និងក្រុង ឃ្យុងសាន។ ប្រព័ន្ធប្រកាសអាសន្នថ្មីដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នឹងត្រូវអនុវត្តឡើងនៅពេលដែលសីតុណ្ហភាពពេលថ្ងៃត្រូវបានរំពឹងថានឹងហក់ឡើងដល់ ៣៩ អង្សាសេ ឬនៅពេលដែលសីតុណ្ហភាពជាក់ស្តែងដែលរាងកាយមនុស្សទទួលដឹង (Feels-like temperature) មានកម្រិតលើសពី ៣៨ អង្សាសេ។
យោងតាមការចេញផ្សាយរបស់កាសែត The Chosun Daily ការប្រកាសអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីអាកាសធាតុបានឡើងកម្តៅយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ ដោយសីតុណ្ហភាពនៅក្នុងក្រុង ឃ្យុងសាន បានហក់ឡើងដល់ ៣៩,៩ អង្សាសេ ដែលជិតបំបែកកំណត់ត្រាចាស់ និងបានបណ្តាលឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួន ៩៩ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺដែលបង្កឡើងដោយសារកម្តៅថ្ងៃខ្លាំង។
ផ្អែកលើប្រវត្តិសាស្ត្រ កូរ៉េខាងត្បូងតែងតែមានអាកាសធាតុអំណោយផល និងត្រជាក់ជាងប្រទេសជិតខាង គឺប្រទេសជប៉ុន ក្នុងរដូវក្តៅ ដោយកាលពីមុន ព្រមានកម្រិតខ្ពស់បំផុតត្រូវបានប្រកាសតែនៅពេលសីតុណ្ហភាពឡើងដល់ ៣៥ អង្សាសេប៉ុណ្ណោះ។
ដោយសារតែសីតុណ្ហភាពក្នុងស្រុកបានបន្តហក់ធ្លាយហួសរបាំង ៤០ អង្សាសេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកូរ៉េខាងត្បូង បានជម្រុញប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការកើតជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅថ្ងៃ (Heatstroke) តាមរយៈការពិសារទឹកឱ្យបានច្រើន និងជៀសវាងការប៉ះនឹងពន្លឺព្រះអាទិត្យផ្ទាល់៕