អេមីរ៉ាតអារ៉ាប់រួម៖ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារជាច្រើនលើកច្រើនសារម្តងទៀតលើអ៊ីរ៉ង់រហូតដល់ព្រឹកថ្ងៃចន្ទនេះ កងកម្លាំងបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិកអះអាងថាខ្លួនបានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់យោធាអ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវិកស៊ីវិល និងនាវាពាណិជ្ជកម្មដែលធ្វើយ៉ាងណាមអាចឲ្យនាវាឆ្លងកាត់ធ្វើដំណើរដោយសេរីនៅច្រកសមុទ្រ ហ័រមូស។
យោធាសហរដ្ឋអាម៉េរិកកាលពីថ្ងៃអាទិត្យបានគូសបញ្ជាក់ថា ខ្លួនបានវាយប្រហារគោលដៅប្រហែល ១៤០ រួមទាំងទីតាំងបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក កន្លែងផ្ទុកគ្រាប់រំសេវ ឧបករណ៍ទំនាក់ទំនង និងទីតាំងផ្សេងទៀត ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរជាងការវាយប្រហារពីរលើកមុនៗក្នុងសប្តាហ៍មុន។ លោកប្រធានាធិបតី ដូណាល់ត្រាំ បានអះអាងនៅក្នុងកម្មវិធី "Meet the Press" របស់ NBC ថា "យើងបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរកាលពីយប់មិញ"។
ជាការឆ្លើយតប អ៊ីរ៉ង់បានសងសឹកដោយវាយប្រហារប្រទេសនានានៅក្នុងតំបន់ដែលមានកងកម្លាំងយោធាអាម៉េរិកឈរជើង អ៊ីរ៉ង់ទទូចថាច្រកសមុទ្រហ័រមូសត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់។ កងកម្លាំងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទនេះថា ខ្លួនបានចាប់ផ្តើមការវាយប្រហារជុំថ្មីនៅទូទាំងមជ្ឈិមបូព៌ាឆ្លើយតបត្រឡប់ទៅសហរដ្ឋអាម៉េរិក។
ការវាយប្រហាររបស់អ៊ីរ៉ង់បានបណ្តាលឲ្យ ស៊ីរ៉ែនព្រមានមីស៊ីលបានបន្លឺឡើងនៅព្រឹកព្រលឹមថ្ងៃចន្ទ នៅប្រទេសបារ៉ែន ដែលជាទីតាំងរបស់កងនាវាទី ៥ របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មិនមានព័ត៌មានភ្លាមៗអំពីការខូចខាតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានទទួលស្គាល់ថានេះជាការវាយប្រហារចុងក្រោយបំផុតនៅលើដីរបស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ដោយមានការផ្ទុះនៅទីតាំងជាច្រើន ដែលមានមនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវបានសម្លាប់។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថាការវិលត្រឡប់ទៅរកអរិភាពទ្រង់ទ្រាយធំនឹងមានផលវិបាកមហន្តរាយកាន់តែខ្លាំងក្លា៕