កូឡំប៊ី៖ យុវជន ង៉ែត បញ្ញាឧត្តម ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ទទួលបានពានរង្វាន់ចំណាត់ថា្នក់កិត្តិយស (Honorable Mention) ក្នុងការប្រកួតប្រជែងរូបវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៦ ចាប់ពីថ្ងៃទី៤-១២ ខែកក្កដា ឆ្នាំ២០២៦នៅប្រទេសកូឡំប៊ី ក្នុងចំណោមបេក្ខជន ៣៨១ នាក់ មកពី៩៥ប្រទេស។
យុវជន ង៉ែត បញ្ញាឧត្តម ទទួលបានពានរង្វាន់ចំណាត់ថា្នក់កិត្តិយស (Honorable Mention) ក្នុងកម្មវិធីប្រជែងរូបវិទ្យាអូឡាំព្យាដអន្តរជាតិ (IPhO) ដែលជាការប្រកួតប្រជែងរូបវិទ្យាអន្តរជាតិដ៏មានកិត្យានុភាពបំផុត សម្រាប់សិស្សមធ្យមសិក្សា។ គោលបំណងចម្បងនៃកម្មវិធី IPhO គឺដើម្បីធ្វើតេស្តចំណេះដឹងកម្រិតខ្ពស់បំផុត ការគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា របៀបបង្ហាញ និងការវិភាគឱ្យបានត្រឹមត្រូវ ព្រមទាំងជំនាញអនុវត្តផ្ទាល់ ទាំងផ្នែករូបវិទ្យាទ្រឹស្តី និងរូបវិទ្យាពិសោធន៍។
មុននឹងទទួលបានជ័យលាភីនេះ យុវជន ង៉ែត បញ្ញាឧត្តមណ ដែលមកពីវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ក៏បានជាប់ជាសិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យា ថ្នាក់ទី១២ ជ័យលាភីលេខ៥ កាលពីថ្ងៃទី២៧ មេសា ២០២៦ ផងដែរ។
បើតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦ នេះ កម្ពុជា បានបញ្ជូនបេក្ខជនចំនួន៥ ស្រី១រូប ចូលរួមការប្រកួតប្រជែងរូបវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៦ នៅប្រទេសកូឡំប៊ី ក្រោយទទួលបានការបំប៉នពី ក្រសួងអប់រំ នាយកដ្ឋានកិច្ចការប្រឡង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គួរបញ្ជាក់ថា កម្មវិធី IPhO ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងបណ្តាប្រទេសផ្សេងៗគ្នា ដែលជាការប្រកួតប្រជែងរយៈពេលពី ៩ ទៅ ១០ ថ្ងៃ ដោយមានការចូលរួមពីក្រុមជម្រើសជាតិ ដែលមានសិស្សរូបវិទ្យាឆ្នើមបំផុតយ៉ាងច្រើនប្រាំនាក់ និងប្រធានក្រុមពីរនាក់៕