បាងកក៖ ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយ រវាងរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលោក ទិន ម៉ោង ស្វេ (Tin Maung Swe) រដ្ឋមន្ត្រីការបរទេសនៃរបបសឹកមីយ៉ាន់ម៉ា។ ជំនួបដែលដឹកនាំដោយប្រទេសហ្វីលីពីននេះ គឺជាការជួបគ្នាផ្ទាល់លើកដំបូងបំផុត ចាប់តាំងពីអាស៊ានបានសម្រេចផាត់ចេញថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ា មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនានា កាលពីឆ្នាំ២០២១ ក្រោយបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុច។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «កិច្ចសន្ទនាផ្ទាល់» ដើម្បីស្តារទំនុកចិត្ត និងបើកផ្លូវសម្រាប់ការបង្កើនទំនាក់ទំនងឡើងវិញជាជំហានៗជាមួយមីយ៉ាន់ម៉ា។
កិច្ចប្រជុំនៅទីក្រុងបាងកកនេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាពប៉ុណ្ណោះ ខណៈវិធានការអនុវត្តជាក់ស្តែងបន្ថែមទៀត នឹងត្រូវយកទៅពិភាក្សាបន្តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ជំនួបក្រៅផ្លូវការនេះ បានរងការរិះគន់ភ្លាមៗពីសំណាក់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)។ ក្រុមការងារសិទ្ធិមនុស្សមួយនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានជំរុញឱ្យប្លុកអាស៊ាន បដិសេធរាល់ការប៉ុនប៉ងទាំងឡាយណា ដែលចង់ធ្វើឱ្យទំនាក់ទំនងជាមួយរបបសឹកមីយ៉ាន់ម៉ាក្លាយជាធម្មតាឡើងវិញ ដោយរំលងការរំលោភសិទ្ធិមនុស្សនាពេលកន្លងមក៕