Img 1426
Swift cc time

កុមារកម្ពុជា៥រូប ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងសន្និសីទកុមារអាស៊ីប៉ាស៊ីហ្វិក (APCC) លើកទី៣៨ នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កុមារឆ្នើមចំនួន ៥រូប រួមជាមួយគ្រូអ្នកដឹកនាំ ១រូប ចេញដំណើរឆ្ពោះទៅចូលរួមកម្មវិធី «សន្និសីទកុមារអាស៊ីប៉ាស៊ីហ្វិក» (Asian-Pacific Children's Convention - APCC) លើកទី៣៨ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន ដើម្បីបង្ហាញពីសក្តានុពលរបស់ទំពាំងស្នងឫស្សីកម្ពុជានៅលើឆាកអន្តរជាតិ។ បេសកកម្មនេះ មានរយៈពេល ១០ថ្ងៃពេញ ដោយចាប់ផ្តើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងព្រឹត្តិការណ៍លំដាប់តំបន់នេះ ប្រតិភូកុមារនិងយុវជនកម្ពុជានឹងដើរតួជាទូតវប្បធម៌វ័យក្មេង តាមរយៈការចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌យ៉ាងសកម្ម។ ពួកគេនឹងធ្វើការស្វែងយល់ ផ្លាស់ប្តូរបទពិសោធ ក៏ដូចជាចូលរួមសកម្មភាពវប្បធម៌ចម្រុះជាមួយមិត្តភក្តិយុវជន និងកុមារមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក ដើម្បីពង្រឹងទំនាក់ទំនងវ័យក្មេងឱ្យកាន់តែរឹងមាំ។

ប្រតិភូកុមារកម្ពុជានឹងប្រើប្រាស់វេទិកានេះដើម្បីលើកតម្កើងតម្លៃជាតិ ដោយបង្ហាញពីសមត្ថភាព ចំណេះដឹង និងស្មារតីតស៊ូដ៏រស់រវើករបស់ក្មេងៗកម្ពុជា ព្រមទាំងនាំយកវប្បធម៌ដ៏ល្អផូរផង់នៃមាតុភូមិទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ លើសពីនេះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសដ៏សំខាន់ក្នុងការកសាងស្មារតីជាពលរដ្ឋសកល ដោយបណ្តុះគំនិតជាអ្នកដឹកនាំ និងបង្កើតបណ្តាញមិត្តភាពអន្តរជាតិដ៏ជិតស្និទ្ធចាប់តាំងពីវ័យកុមារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

ការចូលរួមរបស់ក្រុមយុវជនវ័យក្មេងនៅក្នុងកម្មវិធីអន្តរជាតិនេះ មិនត្រឹមតែនាំមកនូវចំណេះដឹង បទពិសោធ និងការអភិវឌ្ឍខ្លួនសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាព និងជាការបង្ហាញពីថាមពលយុវជនកម្ពុជាទៅកាន់ពិភពលោកផងដែរ៕


Khcct banner

អត្ថបទទាក់ទង