ថៃ៖ មនុស្សយ៉ាងហោចណាស់ ២៧ នាក់បានបាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏សាហាវ ឆាបឆេះហាងផឹកស៊ី (Beer Bar) មួយកន្លែង ស្ថិតក្នុងតំបន់ ឡាតផ្រាវ ទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទនេះ។ ហេតុការណ៍ដ៏រន្ធត់នេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០ នាទីទៀបភ្លឺ។ យោងតាមក្រុមអ្នកសង្គ្រោះបន្ទាន់បានឱ្យដឹងថា ជនរងគ្រោះ ស្លាប់ទាំង ២៧ នាក់នោះ រួមមានបុរស ៩ នាក់ និងស្ត្រី ១៨ នាក់។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ក្នុងចំណោមអ្នករងរបួសទាំង ១៨ នាក់ អាជ្ញាធរថៃ បានចាត់ថ្នាក់ជនរងគ្រោះចំនួន ៨ នាក់ជា «ករណីកម្រិតក្រហម» ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅតាមមន្ទីរពេទ្យនានា ក្នុងនោះរួមមាន មន្ទីរពេទ្យ Chulalongkorn, មន្ទីរពេទ្យ Rajavithi, មន្ទីរពេទ្យ Praram 9, មន្ទីរពេទ្យ Paolo Hospital Kaset និងមន្ទីរពេទ្យ Phramongkutklao។
ចំពោះជនរងគ្រោះ ៧ នាក់ទៀត ត្រូវបានចាត់ចូលជា «ករណីកម្រិតលឿង» ដែលត្រូវការការព្យាបាលបន្ទាន់ និងកំពុងទទួលការថែទាំនៅមន្ទីរពេទ្យ Petcharavej, មន្ទីរពេទ្យនគរបាលជាតិ (Police General Hospital) និងមន្ទីរពេទ្យ Paolo Hospital Kaset។ រីឯជនរងគ្រោះ ៣ នាក់ចុងក្រោយ រងរបួសស្រាល ត្រូវចាត់ជា «ករណីកម្រិតខៀវ/បៃតង» ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Paolo Hospital Kaset ផងដែរ។
នាពេលបច្ចុប្បន្ន អាជ្ញាធរថៃ កំពុងតែបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គីភ័យនេះឡើង៕