ប៉េកាំង៖ ទោះបីជាមានកាលវិភាគការងារយ៉ាងមមាញឹកក៏ដោយ ក្រុមអវកាសយានិកចិន ៣ រូប នៃបេសកកម្ម Shenzhou-23 នៅតែបន្តរក្សាទម្លាប់ហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃលំហគ្មានទំនាញ (Microgravity) មកលើរាងកាយ ក្នុងអំឡុងពេលស្នាក់នៅលើស្ថានីយអវកាស Tiangong ជិត ៥០ ថ្ងៃ។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ ក្រុមនាវិកចិន បានខិតខំធ្វើពិសោធន៍វិទ្យាសាស្ត្រ និងថែទាំស្ថានីយយ៉ាងសកម្ម។ ក្នុងសប្តាហ៍នេះ ពួកគេបានផ្តោតលើការសិក្សាពីឥទ្ធិពលនៃលំហគ្មានទំនាញ មកលើប្រព័ន្ធសាច់ដុំ សរសៃពួរ និងមុខងារខួរក្បាលរបស់មនុស្ស ដើម្បីជួយឱ្យអ្នកស្រាវជ្រាវនៅលើផែនដី យល់ដឹងកាន់តែច្បាស់ពីការប្រែប្រួលនៃប្រព័ន្ធប្រសាទ និងការយល់ដឹងរបស់មនុស្ស ពេលរស់នៅក្នុងលំហអាកាសរយៈពេលយូរ។ ពួកគេក៏បានដំឡើងឧបករណ៍ពិសោធន៍ផ្នែករូបវិទ្យា និងធ្វើតេស្តឧបករណ៍វាស់ទម្ងន់ឌីជីថលជំនាន់ថ្មី។
គួររំលឹកថា យាន Shenzhou-23 ត្រូវបានបង្ហោះកាលពីថ្ងៃទី ២៤ ខែឧសភា ដោយមានសមាសភាពអវកាសយានិក ៣ រូប រួមមានលោកស្រី Lai Ka-ying ដែលជាអវកាសយានិកដំបូងបង្អស់មកពីទីក្រុងហុងកុង។ ក្រុមនាវិកត្រូវបំពេញបេសកកម្មរយៈពេល ១ ឆ្នាំពេញ ក្នុងលំហអាកាស និងត្រូវអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រទំនើបៗជាង ១០០ គម្រោងបន្ថែមទៀត ផ្តោតលើវិស័យឈានមុខ ដូចជា វិទ្យាសាស្ត្រជីវិតក្នុងលំហ, វេជ្ជសាស្ត្រអវកាស និងបច្ចេកវិទ្យាអវកាសជំនាន់ថ្មីជាដើម៕