Img 1426
Swift cc time

បណ្ឌិតថៃម្នាក់ ត្រូវចាប់ខ្លួន ក្រោយរំលោភបំពានផ្លូវភេទ លើក្មេងប្រុសជិត២០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ គ្រូបង្រៀនគណិតវិទ្យាកម្រិតថ្នាក់បណ្ឌិតម្នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួននៅក្នុងខេត្ត Nakhon Pathom) ជុំវិញការចោទប្រកាន់ពីបទបំពានផ្លូវភេទលើក្មេងប្រុសអាយុក្រោម ១៥ឆ្នាំ ជិត ២០នាក់។ ប៉ូលិសថៃ បានចោទប្រកាន់ជនសង្ស័យថា បានលួចថតសកម្មភាពបំពានទាំងនោះ រួចយកវីដេអូទៅគំរាមកំហែងជនរងគ្រោះមិនឱ្យនិយាយប្រាប់អ្នកដទៃ។

យោងតាមការចេញផ្សាយរបស់កាសែត Thai Enquirer ប្រតិបត្តិការស៊ើបអង្កេតនេះ បានចាប់ផ្តើមឡើងបន្ទាប់ពីអាណាព្យាបាលរបស់កុមាររងគ្រោះម្នាក់ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២ ខែកក្កដា ដោយចោទប្រកាន់ថា គ្រូបង្រៀនរូបនេះបានបំពានផ្លូវភេទលើកូនប្រុសរបស់ពួកគេជាបន្តបន្ទាប់ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ប៉ូលិសថៃ បានឱ្យដឹងថា កុមាររងគ្រោះត្រូវបានជនសង្ស័យគំរាមកំហែងថា នឹងទម្លាយវីដេអូដែលបានថតទុក ប្រសិនបើហ៊ានប្រាប់ឪពុកម្តាយ ឬអ្នកណាម្នាក់។

ប៉ូលិសថៃ បានបញ្ជាក់ថា ភស្តុតាងដែលដកហូតបាន រួមមានវីដេអូដែលពាក់ព័ន្ធនឹងកុមារប្រុសដទៃទៀត ហើយភស្តុតាងទាំងនោះបង្ហាញថា បទល្មើសនេះបានកើតឡើងតាំងពីមុនឆ្នាំ២០១៧ មកម៉្លេះ។ គិតមកទល់ពេលនេះ សមត្ថកិច្ចថៃ បានកំណត់អត្តសញ្ញាណកុមាររងគ្រោះបានជិត ២០នាក់។

ប៉ូលិសថៃ បានបន្ថែមថា សាលារៀនមួយចំនួនដែលបានដឹងពីការចោទប្រកាន់នេះ មិនបានរាយការណ៍ទៅសមត្ថកិច្ចទេ ដោយសារបារម្ភខ្លាចខូចកេរ្តិ៍ឈ្មោះសាលា និងខ្លាចមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមកម្លាំងការងារប្រឆាំងបទល្មើសតាមអ៊ីនធឺណិតលើកុមាររបស់ប្រទេសថៃ (TICAC) បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំនេះ ជនសង្ស័យចំនួន ១៧៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងករណីបំពានលើកុមារចំនួន ១៧៤ករណី ដោយក្នុងនោះមានជនរងគ្រោះចំនួន ៦១នាក់ ត្រូវបានកំណត់អត្តសញ្ញាណ (ក្មេងស្រី ៤៤នាក់ និងក្មេងប្រុស ១៧នាក់)៕

Khcct banner

អត្ថបទទាក់ទង