Img 1426
Swift cc time

ឆេះរោងចក្រស្បែកជើងនៅចិនសម្លាប់មនុស្ស ២៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ មនុស្ស ២៨នាក់បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅរោងចក្រស្បែកជើងមួយក្នុងទីក្រុងជីនជាំង ខេត្តហ្វូជាន ភាគខាងកើតប្រទេសចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រចាំតំបន់អះអាងថា អគ្គីភ័យបានឆាបឆេះរោងចក្រ Huiteng Shoes Co., Ltd. នៅម៉ោង ១២:០៤ (ម៉ោងក្នុងស្រុក)។ អ្នកពន្លត់អគ្គីភ័យជាង ៥០០នាក់ និងរថយន្តចំនួន ៣៥គ្រឿងបានចូលរួមប្រតិបត្តិការជួយសង្គ្រោះ។

បើតាមប៉ូលីសក្នុងតំបន់បញ្ជាក់ថា មនុស្សសរុបចំនួន ២១៣នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែពីរនាក់បានស្លាប់ បន្ទាប់ពីការព្យាបាលបរាជ័យនៅមន្ទីរពេទ្យ និងមានមនុស្សបាត់ខ្លួនចំនួន ២៦នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ក្រោយពីស្ថានភាពភ្លើងធូរស្បើយ។ ប៉ូលីសបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន និងអ្នកផ្សេងទៀតជាច្រើននាក់ ដែលនឹងទទួលខុសត្រូវចំពោះអគ្គីភ័យនេះ។

ជាការឆ្លើយតបអាជ្ញាធរខេត្តហ្វូជានបានបង្កើតក្រុមឈានមុខគេមួយដើម្បីដោះស្រាយអគ្គីភ័យ ដោយមានក្រុមការងាររងចំនួនប្រាំក្រុមទទួលខុសត្រូវចំពោះការជួយសង្គ្រោះនៅនឹងកន្លែង ការស៊ើបអង្កេតគ្រោះថ្នាក់ និងការគ្រប់គ្រងផលវិបាក។ អាជ្ញាធរក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតដើម្បីកំណត់លក្ខណៈនៃគ្រោះថ្នាក់ និងការទទួលខុសត្រូវដែលពាក់ព័ន្ធ។

គួរកត់សម្គាល់ថាអគាររោងចក្រដែលឆេះជាអគារដែលមានបេតុងក្រាស់ប្រាំជាន់ ដែលជាន់នីមួយៗមានទំហំ ១,៣០០ ម៉ែត្រការ៉េ។ អគ្គីភ័យបានចាប់ផ្តើមឆេះនៅជាន់ផ្ទាល់ដី ជាកន្លែងដែលសម្ភារៈផលិតស្បែកជើងត្រូវបានរក្សាទុកងាយឆេះខ្លាំង ហើយក្រោយមកទើបបណ្តាលឱ្យមានអណ្តាតភ្លើងរាលដាលយ៉ាងលឿន៕

Khcct banner

អត្ថបទទាក់ទង