ប៉េកាំង៖ ចិន និងកោះតៃវ៉ាន់កំពុងត្រៀមខ្លួននៃការមកដល់នៃព្យុះត្រូពិចដ៏ខ្លាំងក្លាបំផុតប្រចាំឆ្នាំ គឺព្យុះទីហ្វុងបាវីបានបោកបក់នៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងខ្យល់បក់ជិត ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលផ្នែកខ្លះនៃប្រទេសចិនកំពុងតែរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងម៉ៃសាក់ដែលមិនទាន់បានធូរស្បើយ។
អាជ្ញាធរនៅកោះតៃវ៉ាន់ព្យាករណ៍ថា ភ្លៀងរហូតដល់ ១ ម៉ែត្រនឹងធ្លាក់មកលើភ្នំភាគខាងជើងនៃកោះជុំវិញទីក្រុងតៃប៉ិ ហើយទាហានប្រហែល ២៩,០០០នាក់ត្រូវបានដាក់ឱ្យត្រៀមខ្លួនជួយសង្រ្គោះនាៗ ដោយនេះនឹងក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតរបស់តៃវ៉ាន់ចាប់តាំងពីព្យុះ Kong-rey ក្នុងឆ្នាំ ២០២៤ដែលបានសម្លាប់មនុស្សបីនាក់។
លោក Jason Chang អ្នកព្យាករណ៍អាកាសធាតុកណ្តាលរបស់តៃវ៉ាន់បានប្រាប់រ៉យទ័រថា ព្យុះដែលមានទំហំបែបនេះគឺ កម្រមានណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះព្យុះបាវី នឹងក្លាយជាព្យុះធំបំផុតគិតជាទំហំដែលបានវាយប្រហារលើតៃវ៉ាន់ចាប់តាំងពីឆ្នាំ ១៩៨៧ មក។
ក្រៅពីវាយប្រហារកោះតៃវ៉ាន់មន្ត្រីមូលដ្ឋានបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសចិននៅតែកំពុងរុករកតាមគំនរបាក់បែកដែលបន្សល់ទុកដោយព្យុះទីហ្វុង Maysak ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់ និងបានបោកបក់ឆ្លងកាត់តំបន់ភាគនិរតីនៃខេត្ត Guangxi កាលពីដើមសប្តាហ៍នេះ ដោយមនុស្សប្រាំបួននាក់នៅតែបាត់ខ្លួននៅទូទាំងតំបន់។
ព្យុះបាវី ដែលបច្ចុប្បន្នមានចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រត្រូវបានគេព្យាករណ៍ថានឹងបោកបក់ភាគខាងជើងតៃវ៉ាន់ មុនពេលបោកបក់ចូលខេត្តហ្វូជានភាគខាងកើតរបស់ប្រទេសចិននៅល្ងាចថ្ងៃសៅរ៍ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន៕