ចិន៖ វីដេអូជាច្រើនរបស់ក្រុមពន្លត់អគ្គិភ័យចិន កំពុងតែដេកសម្រាកនៅលើចិញ្ចើមផ្លូវទាំងនឿយហត់បំផុត ត្រូវបានគេចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត បន្ទាប់ពីពួកគេបានបំពេញបេសកកម្មជួយសង្គ្រោះពលរដ្ឋពេញមួយយប់ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ«ខ្យល់ព្យុះកំបុតត្បូង» និងអាកាសធាតុអាក្រក់ខ្លាំង នៅក្នុងទីក្រុង Huanggang ខេត្តហ៊ូប៉ី ប្រទេសចិន។ គិតត្រឹមយប់ថ្ងៃចន្ទ កន្លងទៅមនុស្ស ១១ នាក់បានស្លាប់ ម្នាក់បាត់ខ្លួន និង៣៣១ នាក់រងរបួស និងខូចខាតផ្ទះសម្បែងជាង ៤,៨០០ ខ្នង ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនី និងផ្លូវថ្នល់មួយចំនួនពីការវាយប្រហាររបស់ព្យុះដ៏សាហាវ។
នៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់នេះ ក្រុមអ្នកសង្គ្រោះចិន បានប្រញាប់ប្រញាល់កាត់យប់ ដើម្បីស្វែងរក និងជម្លៀសជនរងគ្រោះ រហូតទាល់តែស្ថានភាពធូរស្រាល ទើបនាំគ្នាទម្រេតខ្លួនសម្រាកលើចិញ្ចើមផ្លូវផ្ទាល់ដីដើម្បីស្តារកម្លាំងឡើងវិញ ដែលសកម្មភាពលះបង់នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពេញបណ្តាញសង្គម។
អាជ្ញាធរចិនបានប្រកាសអាសន្នសង្គ្រោះបន្ទាន់កម្រិតទី៤ និងទម្លាក់កញ្ចប់ថវិកា ៥០ លានយន់ (ប្រហែល ៧.៣៤ លានដុល្លារ) ដើម្បីប្រញាប់ប្រញាល់ជួសជុលផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជួយពលរដ្ឋឱ្យវិលរកជីវភាពធម្មតា។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ផ្លូវថ្នល់ និងចរន្តអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញជាបណ្តើរៗ ខណៈអាជ្ញាធរកំពុងបន្តវាយតម្លៃផលប៉ះពាល់ដើម្បីរៀបចំផែនការសាងសង់ឡើងវិញ៕