Img 1426
Swift cc time

«ការងារស្ម័គ្រចិត្ត» ជាកត្តាសំខាន់ដែលធ្វើឱ្យ កញ្ញា ភ័ណ្ឌ ផាន់ម៉ាន់ណាវី បាន«អាហារូបករណ៍ ៤» នៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ឆ្លងតាមបទពិសោធន៍ដាក់អាហារូបករណ៍ក្រៅប្រទេសច្រើនដង រហូតបានជ័យលាភីអាហារូបករណ៍៤ក្នុងពេលតែមួយ បានធ្វើឱ្យ កញ្ញា ភ័ណ្ឌ ផាន់ម៉ាន់ណាវី ដឹងគុណដល់បទពិសោធន៍ការងារស្ម័គ្រចិត្តតាំងពីវ័យ១៥ឆ្នាំ ដែលជំរុញឱ្យខ្លួនអាចមានសមត្ថភាពយកអាហារូបករណ៍ជាមួយសិស្សទូទាំងពិភពលោកបាន។ បច្ចុប្បន្ន កញ្ញាកំពុងបន្តការសិក្សាជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ នៅទីក្រុងវ៉ាស៊ីនតោន នៅអាម៉េរិក។

យោងតាមបទសម្ភាសជាមួយស៊ីស៊ីថាមស៍ អាហារូបករណ៍ទាំងបួនដែល កញ្ញា ភ័ណ្ឌ ផាន់ម៉ាន់ណាវី ទទួលបានរួមមាន Everett Community College Foundations Scholarship , E-Stem Scholarship , UW Martin Achievement Scholarship និង Fortive Scholarships។ បច្ចុប្បន្ន កញ្ញាកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science) នៅក្នុងមហាវិទ្យាល័យ Everett Community College នៃទីក្រុងវ៉ាស៊ីនតោន នៅអាម៉េរិក។

កញ្ញា ភ័ណ្ឌ ផាន់ម៉ាន់ណាវី បានប្រឡូកការងារស្ម័គ្រចិត្តតាំងពីអាយុ១៥ឆ្នាំ អំឡុងពេលជាសិស្សវិទ្យាល័យ រហូតមកដល់បច្ចុប្បន្ន កញ្ញាបានចូលរួមសកម្មភាពសង្គម ជាមួយកម្មវិធីជាច្រើន ដែលរៀបចំដោយ អង្គការ Plan International, UNICEF Cambodia, ស្ថាប័នរដ្ឋជាដើម ក្នុងនោះរួមមានអគ្គនាយកដ្ឋានយុវជន ផងដែរ។ កញ្ញាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បទពិសោធន៍ការងារស្ម័គ្រចិត្តទាំងនោះ បានក្លាយជាដើមទុនដ៏សំខាន់សម្រាប់កញ្ញាក្នុងការដាក់អាហារូបករណ៍សិក្សានៅអាម៉េរិក ដោយសារតែជំនាញទន់ដែលទទួលបានពីបទពិសោធន៍ទាំងនេះ។

កញ្ញាបានបន្តរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា ជំនាញទន់ចម្បងដែលកញ្ញាយល់ឃើញថាសំខាន់ខ្លាំងជាងគេ រួមមានការនិយាយ ការគ្រប់គ្រងពេលវេលា និងការបង្កើតទំនាក់ទំនង។ ភាពក្លាហានក្នុងការនិយាយ បានធ្វើឱ្យកញ្ញាចេះប្រើពាក្យពេជន៍បានប្រសើរក្នុងពេលសម្ភាសដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការ។ បន្ថែមពីនេះ បណ្តាញទំនាក់ទំនងដែលបានកសាងអំឡុងពេលស្ម័គ្រចិត្ត បានចូលរួមចំណែកក្នុងដំណាក់កាលនីមួយៗតាំងពីពេលដាក់ពាក្យរហូតដល់ពេលបានជ័យលាភី ព្រោះថាអាហារូបករណ៍ភាគច្រើនទាមទារ Reference ដែលកញ្ញាធ្លាប់បានធ្វើការជាមួយ។

កញ្ញាបានផ្តល់ជាការលើកទឹកចិត្តទៅកាន់សិស្សវិទ្យាល័យជំនាន់ក្រោយថា ប្រសិនបើចង់ជាប់អាហារូបករណ៍សិក្សានៅក្រៅប្រទេស អាចព្យាយាមចូលរួមការងារស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវបទពិសោធន៍ និងបណ្តាញដែលអាចចូលរួមចំណែកក្នុងការធ្វើឱ្យទទួលបានអាហារូបករណ៍។ ជាពិសេស ត្រូវហ៊ានជំនះឧបសគ្គ កុំឱ្យអាយុ ជាកត្តារារាំងក្នុងការធ្វើអ្វីមួយដែលជួយឱ្យខ្លួនសម្រេចក្តីស្រមៃ៕

ទស្សនាវីដេអូពេញ៖



Khcct banner

អត្ថបទទាក់ទង