Img 1426
Swift cc time

ទឹកជំនន់នៅចិនកើនដល់កម្ពស់ជិត ៧ ម៉ែត្រ បណ្តាលឱ្យសិស្សជាង ១ ម៉ឺននាក់ជាប់គាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមអ្នកសង្គ្រោះចិន កាលពីថ្ងៃព្រហស្បតិ៍ បានប្រើប្រាស់ស្ពានក្បូនចល័តដើរដោយម៉ាស៊ីន (Powered pontoon bridges) និងទូកសង្គ្រោះ ដើម្បីជម្លៀសសិស្សរាប់ពាន់នាក់ កំពុងជាប់គាំងនៅក្នុងតំបន់ឧទ្យានអប់រំមួយកន្លែង ក្នុងទីក្រុង Guigang នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃបានពន្លិចសាលារៀនជាច្រើននៅទីនោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ គ្រោះទឹកជំនន់ ពីឥទ្ធិពលខ្យល់ព្យុះទីហ្វុង ម៉ៃសាក់ កាលពីថ្ងៃចន្ទ បានធ្វើឱ្យតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមានកម្រិតទឹកជំនន់ឡើងខ្ពស់រហូតដល់ទៅ ៦ ទៅ ៧ ម៉ែត្រ ស្ថានភាពនេះធ្វើឱ្យសាលារៀនជាច្រើនត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី ទឹកស្អាត និងប្រព័ន្ធអ៊ីនធឺណិត បណ្តាលឱ្យសិស្សានុសិស្សជាង ១០,០០០ នាក់ ត្រូវជាប់គាំងនៅក្នុងអគារ។

ភ្លាមៗនោះ ក្រុមសង្គ្រោះអាជីព និងក្រុមអ្នកស្ម័គ្រចិត្តជាង ៤០ ក្រុម បានរួមគ្នានាំយកស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវទៅចែកជូនសិស្សានុសិស្សដែលរងផលប៉ះពាល់។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សិស្សចន្លោះពី ៦,០០០ ទៅ ៧,០០០ នាក់ទៀត កំពុងរង់ចាំការជម្លៀសជាបន្តបន្ទាប់ ខណៈក្រុមការងារកំពុងរៀបចំផែនការជម្លៀសពួកគេឱ្យអស់ចេញពីតំបន់គ្រោះថ្នាក់នៅត្រឹមថ្ងៃនេះ តាមរយៈការតភ្ជាប់ស្ពានក្បូនចល័តតាមផ្លូវទឹក៕

Khcct banner

អត្ថបទទាក់ទង