Img 1426
Swift cc time

ស្ថានទូតអាម៉េរិក តាំង«ពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០» នៅកំពង់ចាម ២សប្តាហ៍ ដើម្បីអបអរខួប ២៥០ ឆ្នាំរបស់អាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កំពង់ចាម៖ ស្ថានទូតអាម៉េរិកប្រចាំនៅភ្នំពេញ នាថ្ងៃទី៨ កក្កដា ២០២៦ បានតាំង«ពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០» នៅកំពង់ចាម ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំរបស់អាម៉េរិក នៅមជ្ឈមណ្ឌលព័ត៌មានអាម៉េរិក (American Corner) ក្នុងខេត្តកំពង់ចាម រយៈពេល២សប្តាហ៍ មុននឹងបន្តទៅសៀមរាប និងបាត់ដំបង។

ពិព័រណ៍ស្ថាបនិកនេះ គឺជាគំនិតផ្តួចផ្តើមរបស់សេតវិមាន ដែលជាពិព័រណ៍អប់រំបែបអន្តរកម្ម បង្ហាញនូវប្រវត្តិសាស្ត្រ និងវប្បធម៌អាម៉េរិក បែបរស់រវើក។ ពិព័រណ៍នេះមានដាក់បង្ហាញនូវ ការប្រមូលផ្តុំយ៉ាងសម្រិតសម្រាំង ដែលរំលេចឱ្យឃើញពី ក្រុមស្ថាបនិកជាតិ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសជនជាតិអាម៉េរិក ដែលភាពដឹកនាំ និងការច្នៃប្រឌិតរបស់ពួកគាត់ នៅតែបន្តជំរុញដំណើរនវានុវត្តន៍ របស់សហរដ្ឋអាម៉េរិក។ កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីញ៉ាំងដំណើរការពិពណ៍នា ឲ្យកាន់តែមានភាពសម្បូរបែប ដែលអ្នកចូលរួមអាចស្កែន QR កូដ តាមរយៈទូរសព្ទរបស់ពួកគេ ដើម្បីទស្សនាវីដេអូបែបគំនូរជីវចល ដែលតួអង្គជនជាតិអាម៉េរិកនីមួយៗ ចែករំលែកពីប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគាត់។

ការបើកសម្ពោធពិព័រណ៍ដ៏ធំនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងយុទ្ធនាការអបអរសាទរ «សេរីភាព ២៥០» របស់ស្ថានទូតអាម៉េរិក ដើម្បីបង្ហាញពីឧត្តមភាពរបស់សហរដ្ឋអាម៉េរិក រំលឹកអំពីប្រវត្តិសាស្ត្រអាម៉េរិក និងអបអរសាទរសមិទ្ធផលនានា ដ៏យូរអង្វែងរបស់សហរដ្ឋអាម៉េរិក។

ពិព័រណ៍ «សារមន្ទីរស្ថាបនិក» នេះ នឹងបន្តដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលព័ត៌មានអាម៉េរិក (American Corner) ខេត្តកំពង់ចាម ក្នុងរយៈពេលពីរសប្តាហ៍ មុននឹងត្រូវផ្លាស់ទីទៅកាន់មជ្ឈមណ្ឌលព័ត៌មានអាម៉េរិកផ្សេងទៀតរបស់ស្ថានទូត នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប។ គួរបញ្ជាក់ថា ការចូលទស្សនាពិព័រណ៍នេះគឺមិនមានគិតថ្លៃ និងបើកជូនសាធារណជនទូទៅចូលរួម៕

Khcct banner

អត្ថបទទាក់ទង