ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល កាលពីថ្ងៃ០៦កក្កដា បានព្រមានថា ប្រទេសថៃអាចនឹងចាត់ទុក «កញ្ឆា» ជាសារធាតុខុសច្បាប់ឡើងវិញ បន្ទាប់ពីមានការបង្ក្រាប និងរឹបអូសកញ្ឆារត់ពន្ធពីប្រទេសថៃជាបន្តបន្ទាប់នៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងហុងកុង កំពុងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសយ៉ាងធ្ងន់ធ្ងរ។
យោងតាមការចេញផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាជ្ញាធរអាល្លឺម៉ង់ បានបង្ក្រាបការរត់ពន្ធកញ្ឆាតាមផ្លូវសមុទ្រពីថៃទៅអឺរ៉ុប និង រឹបអូសបានកញ្ឆាចំនួន ១.២ តោន (តម្លៃជាង ១៣ លានដុល្លារ) លាក់ក្នុងកុងតឺន័រ សម្ភារសំណង់។ ក្នុងថ្ងៃដដែល ឥណ្ឌូណេស៊ី ក៏បានរឹបអូសកញ្ឆាជាង ៣.៣៧ តោនពីថៃ បម្រុងយកទៅធ្វើជាទឹកបារីអគ្គិសនី (Vapes) នៅហ្សាកាតា និងបាលី ដោយបានចាប់ខ្លួនមនុស្ស ១២ នាក់ រួមទាំងជនជាតិថៃ។
ស្ថានទូតអង់គ្លេសប្រចាំប្រទេសថៃឯណោះវិញ ក៏បានចេញព្រមានសារជាថ្មីដល់ពលរដ្ឋខ្លួន កុំឱ្យចាញ់បោកក្រុមឧក្រិដ្ឋជនតាមតេឡេក្រាម ផ្តល់ការដើរកម្សាន្តនៅថៃ «ហ្វ្រី» ជាថ្នូរនឹងការយួរវ៉ាលីបង្កប់កញ្ឆាត្រឡប់ទៅស្រុកវិញ បន្ទាប់ពីមានពលរដ្ឋអង់គ្លេសជាច្រើននាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។នៅហុងកុងវិញ អាជ្ញាធរក៏ទើបតែចាប់ខ្លួនមនុស្ស ២ នាក់ ធ្វើដំណើរមកពីប្រទេសថៃ ព្រមទាំងរឹបអូសកញ្ឆាបាន ២៣ គីឡូក្រាម។
ភាពអាម៉ាស់នេះ បានបង្ខំចិត្តឱ្យ លោក អនុទីន ប្រកាសវិធានការក្នុងស្រុកតឹងរ៉ឹង បើនៅតែមានការរត់ពន្ធចេញទៅក្រៅប្រទេស ថៃត្រូវតែវាយតម្លៃគោលនយោបាយឡើងវិញ ហើយលោកត្រៀមខ្លួនជាស្រេចក្នុងការ «បិទចោល» ឧស្សាហកម្មកញ្ឆានេះ បើសិនជាអាជ្ញាធរថៃ រកឃើញថាវាផ្តល់ផលអាក្រក់ច្រើនជាងផលល្អ។
គួរបញ្ជាក់ថា ថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែល បានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនក្នុងឆ្នាំ ២០២២ ក្នុងគោលបំណងប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ។ ប៉ុន្តែបច្ចុប្បន្ន ដោយសារច្បាប់គ្រប់គ្រងនៅមានចន្លោះប្រហោង ហាងលក់កញ្ឆា ដើម្បីកម្សាន្តបានកើនឡើង ហើយតម្លៃកញ្ឆាក្នុងស្រុកបានធ្លាក់ចុះខ្លាំងដោយសារការផ្គត់ផ្គង់លើសតម្រូវការ ដែលបង្ខំឱ្យអ្នកដាំដុះមួយចំនួនងាកទៅរកទីផ្សារងងឹត និង រត់ពន្ធទៅក្រៅប្រទេសក្នុងបរិមាណរាប់តោន៕