ប៉េកាំង៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសហរដ្ឋអាម៉េរិកបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយតម្លៃប្រេងឆៅរបស់ Brent បានកើនឡើង ៧៨ សេន ឬ ១ ភាគរយ ដល់ ៧៨.៨ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅរបស់សហរដ្ឋអាម៉េរិក West Texas Intermediate បានកើនឡើង ៧៤ សេន ឬ ១.០១ ភាគរយ ដល់ ៧៤.២៦ ដុល្លារក្នុងមួយបារ៉ែល។
កាសែត CNA បានរាយការណ៍ថាប្រេងឆៅស្តង់ដារទាំងពីរគឺ WTI និង Brent បានកើនឡើងជាងមួយដុល្លារនៅក្នុងការជួញដូរក្រោយការទូទាត់នៅថ្ងៃពុធ បន្ទាប់ពីយោធាសហរដ្ឋអាម៉េរិកបានចាប់ផ្តើមបើកការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់។ មុននេះប៉ុន្មានសប្តាហ៍តម្លៃប្រេងស្តង់ដារទាំងពីរបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ឡើងវិញភ្លាមៗនៅយប់ថ្ងៃពុធ។
យោធាអាម៉េរិកអះអាងថា ខ្លួនកំពុងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដែលមានគោលបំណងរក្សាច្រកសមុទ្រហ័រមូសឱ្យបើកចំហសម្រាប់ចរាចរណ៍ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់គឺចប់ហើយ។
ប្រភពពីឧស្សាហកម្មធានារ៉ាប់រងប្រកាស កាលពីថ្ងៃពុធថា ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនបានណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យផ្អាកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយក្រុមហ៊ុនផ្សេងទៀតកំពុងពិនិត្យឡើងវិញនូវលក្ខខណ្ឌគោលនយោបាយរបស់ពួកគេបន្ទាប់ពីការវាយប្រហារនាវាឡើងវិញរបស់អ៊ីរ៉ង់៕