ថៃ៖ សភាជាតិថៃ កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចអនុម័តច្បាប់លើកលែងទោសទ្រង់ទ្រាយធំ មិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ (២០០៥-២០២៥) ដល់សកម្មជននយោបាយ ចន្លោះពី ១,០០០ ទៅ ២,០០0 នាក់ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោតឡើងវិញ។ ប៉ុន្តែច្បាប់នេះមិនផ្តល់ការលើកលែងទោសដល់បុគ្គលណាដែលប្រព្រឹត្តបទល្មើសពុករលួយ ឬបទប្រមាថព្រះមហាក្សត្រ (Lese Majeste) ឡើយ។នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។
បើតាមកាសែតថៃ សេចក្តីព្រាងច្បាប់នេះ មានន័យថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏ដូចជាក្រុមមេដឹកនាំបាតុករវ័យក្មេងដែលទាមទារឱ្យមានការកែទម្រង់របបរាជានិយម នឹងមិនទទួលបានផលប្រយោជន៍ពីច្បាប់នេះឡើយ។ ច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលរង់ចាំការពិនិត្យ និងឡាយព្រះហស្តលេខាអនុម័តជាផ្លូវការពីព្រះមហាក្សត្រថៃ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាធរមានទូទាំងប្រទេស។
គួរបញ្ជាក់ថា ច្បាប់លើកលែងទោសនេះមានវិសាលភាពគ្របដណ្តប់លើក្រុមចលនានយោបាយសំខាន់ៗចំនួន ៣ រួមមាន៖«ក្រុមអាវលឿង» ជាក្រុមអភិរក្សនិយមជ្រុល ការពាររបបរាជានិយម និងជាអ្នកដឹកនាំបាតុកម្មបិទព្រលានយន្តហោះក្នុងឆ្នាំ ២០០៨ ដើម្បីប្រឆាំងលោក ថាក់ស៊ីន។ «ក្រុមអាវក្រហម» ក្រុមតំណាងឱ្យវណ្ណៈកសិករ និងជាអ្នកគាំទ្រដាច់ខាតរបស់ត្រកូលស៊ីណាវ៉ាត្រា ដែលធ្លាប់បានផ្ទុះការតវ៉ាឡោមព័ទ្ធទីក្រុងបាងកក ក្នុងឆ្នាំ ២០១០។ ចំណែក «ក្រុមបាតុករវ័យក្មេង» គឺចលនាជំនាន់ថ្មីដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០២០-២០២១ ក្នុងគោលបំណងប្រឆាំងរដ្ឋាភិបាលសឹករបស់លោក ប្រាយុទ្ធ ច័ន្ទអូកា និងទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធដឹកនាំប្រទេស៕