អ៊ីស្លាម៉ាបាដ៖ ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធចំនួនបីនៅក្នុងខេត្តបាឡូជីស្ថានភាគនិរតីរបស់ប្រទេសប៉ាគីស្ថានបានសម្លាប់ជនស៊ីវិល និងមន្រ្តីសន្តិសុខកើនដល់ ៤២នាក់ក្នុងរយៈពេលបួនថ្ងៃ អ្នកនាំពាក្យយោធាលោក Ahmed Sharif Chaudhry បានបញ្ជាក់តាមទូរទស្សន៍រដ្ឋថា ជនរងគ្រោះរួមមានជនស៊ីវិលចំនួនបួននាក់ ក៏ដូចជាប៉ូលីស និងទាហាន និងជនស៊ីវិលនៅកន្លែងកើតហេតុបានស្លាប់ ក្នុងនោះពួកសកម្មប្រយុទ្ធចំនួន ៥៤នាក់ក៏ត្រូវបានសម្លាប់ដោយក្រុមយោធាប៉ាគីស្ថានវិញដែរ។
លោក Ahmed Sharif Chaudhry អះអាងថាប៉ាគីស្ថាននឹងតាមប្រមាញ់អ្នកពាក់ព័ន្ធ លោកចោទ ឥណ្ឌាថាបានពាក់ព័ន្ធ និងធ្វើការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធដែលបណ្តាលឲ្យមានការផ្ទុះអាវុធជាមួយប៉ាគីស្ថាន។ មន្ត្រីខេត្ត និងស្រុកដែលរងការវាយប្រហារបញ្ជាក់ថា ខ្មាន់កាំភ្លើងបានវាយលុកប៉ុស្តិ៍ត្រួតពិនិត្យមួយដែលយាមគម្រោងទំនប់វារីអគ្គិសនី Mangi ដោយបានសម្លាប់មន្ត្រីប៉ូលីសចំនួនប្រាំបួននាក់ និងបានបន្សល់ទុកមនុស្សជាច្រើនទៀតបាត់ខ្លួន។
គួរបញ្ជាក់ថាប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសលើទឹកដីអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលថាវាយប្រហារលើគោលដៅពួកសកម្មប្រយុទ្ធ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលតាលីបង់ និងអង្គការសហប្រជាជាតិ ថាការវាយប្រហាររបស់ប៉ាគីស្ថានបានសម្លាប់ជនស៊ីវិលរាប់សិបនាក់។ការវាយប្រហារមួយចំនួននៅក្នុងខេត្តបាឡូជីស្ថានត្រូវបានអះអាងដោយក្រុមបំបែកខ្លួនជនជាតិភាគតិចបាឡូច។ កាលពីខែឧសភាកន្លងទៅក៏មាន មនុស្ស ២៤ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយដែលកំណត់គោលដៅរថភ្លើងដែលដឹកមន្រ្តីយោធានៅក្នុងរដ្ឋធានី Quetta ។ កងកម្លាំងសន្តិសុខរបស់ប្រទេសប៉ាគីស្ថានបានសម្លាប់ពួកបំបែកខ្លួនជិត ២០០ នាក់នៅក្នុងខេត្តនេះកាលពីខែកុម្ភៈ បន្ទាប់ពីក្រុមឧទ្ទាមបានបើកការវាយប្រហារជាបន្តបន្ទាប់ដែលបានសម្លាប់ជនស៊ីវិល និងមន្រ្តីសន្តិសុខជាង ៥០ នាក់៕