Img 1426
Swift cc time

ACU ប្រកាសទទួលស្នាដៃយុវជនក្នុងការប្រកួតប្រជែង ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើពុករលួយ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ប្រកាសស្វែងរកយុវជនអាយុចន្លោះពី ១០ ដល់ ២៥ឆ្នាំ ដែលមានទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ក្នុងការចូលរួមផលិតស្នាដៃក្នុងទម្រង់ជា ‎គំនូរ ផ្ទាំងរចនាឌីជីថល វីដេអូខ្លី ឬអត្ថបទសាច់រឿងខ្លី  ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងរួមគ្នាប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គម។

 

យោងតាមគេហទំព័រ អង្គភាពប្រឆាំងអំពើពុករលួយ កម្មវិធីនេះបើកទូលាយសម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅ ទាំងលក្ខណៈបុគ្គល ឬជាក្រុម ដែលមានអាយុចន្លោះពី ១០ ដល់ ២៥ឆ្នាំ។ វិញ្ញាសានៃការប្រកួតប្រជែងត្រូវបានបែងចែកជា ៤ ប្រភេទធំៗ ដូចខាងក្រោម៖

ផ្ទាំងផ្សព្វផ្សាយឌីជីថល៖ បង្កើតឡើងដោយប្រើប្រាស់ Graphic, Tablets, Styluses និងកម្មវិធីកុំព្យូទ័រ រួមទាំងការប្រើប្រាស់ AI។ (ទម្រង់ File: JPG, ទំហំ A3, កម្រិត Resolution 300dpi និងទំហំឯកសារមិនលើសពី 15MB)។

គំនូរ៖ គូរដោយដៃដោយប្រើប្រាស់សម្ភារដូចជា ខ្មៅដៃ, ពណ៌ទៀន, ពណ៌ទឹក, ម៉ាកឃ័រ, ធ្យូង ឬទឹកប៊ិចជាដើម។ (ទម្រង់ File: JPG, ទំហំ A3, កម្រិត Resolution 300dpi និងទំហំឯកសារមិនលើសពី 15MB)។

វីដេអូខ្លី៖ ត្រូវតែមានចំណងជើង ខ្លឹមសារអត្ថបទពន្យល់ និងមានអក្សររត់ពីក្រោម (Subtitle) ជាភាសាអង់គ្លេស។ (ទម្រង់ File: MP4, កម្រិតច្បាស់មិនលើសពី 3840x2160p, រយៈពេលមិនលើសពី ១២០វិនាទី, សំឡេង 16bit, stereo និងទំហំឯកសារមិនលើសពី 300MB)។

អត្ថបទសាច់រឿងខ្លី៖ ត្រូវមានចំណងជើងច្បាស់លាស់។ (ទម្រង់ File: PDF, ទំហំអក្សរ Font size: 12, ចំនួនទំព័រមិនលើសពី ៣ ទំព័រ)។

បើតាម អង្គភាពប្រឆាំងអំពើពុករលួយ រាល់ស្នាដៃទាំងអស់ត្រូវចៀសវាងខ្លឹមសារ ឬរូបភាពទាំងឡាយណាដែលប៉ះពាល់ដល់សាសនា ទំនៀមទម្លាប់ ប្រពៃណី សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។ ជាដាច់ខាត មិនត្រូវលួចចម្លងស្នាដៃពីអ្នកដទៃឡើយ និងមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ឡើយ។ ចំពោះកាលបរិច្ឆេទនៃការទទួលពាក្យ និងការដាក់ស្នាដៃប្រកួត គឺនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយបេក្ខជនទាំងអស់អាចចូលរួមបំពេញពាក្យស្នើសុំ និងប្រគល់ស្នាដៃរបស់ខ្លួន។

សម្រាប់អ្នកដែលមានស្នាដៃឆ្នើមប្រចាំវិញ្ញាសានីមួយៗ នឹងទទួលបានការលើកទឹកចិត្តជារង្វាន់ ដោយក្នុងនោះជ័យលាភីលេខ ១ នឹងទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល រួមជាមួយមេដាយមាស និងវិញ្ញាបនបត្រ ខណៈដែលជ័យលាភីលេខ ២ នឹងទទួលបានទឹកប្រាក់ចំនួន ២,៥០០,០០០ រៀល ព្រមទាំងមេដាយប្រាក់ និងវិញ្ញាបនបត្រផងដែរ។ ដោយឡែក សម្រាប់ជ័យលាភីលេខ ៣ ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ១,៥០០,០០០ រៀល។

គួររំលឹកផងដែរថា សម្រាប់ការប្រកួតប្រជែងជុំបន្តបន្ទាប់ គណៈកម្មការនឹងជម្រាបជូនព័ត៌មានបន្ថែមនៅពេលក្រោយ ហើយបេក្ខជនដែលបានឆ្លងផុតជុំដំបូងនេះ នឹងត្រូវតម្រូវឱ្យមកចូលរួមប្រកួតប្រជែងផ្ទាល់ជាមួយគ្នា។ អ្វីដែលកាន់តែពិសេស បេក្ខជនដែលទទួលបានជ័យលាភី អាចនឹងមានឱកាសបានចូលរួមប្រកួតប្រជែងបន្តក្នុងកម្រិតអន្តរជាតិទៀតផង៕


Khcct banner

អត្ថបទទាក់ទង