ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសទទួលយកមតិពីមហាជន ហើយនឹងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្ដូង» ដើម្បីឱ្យបានកាន់តែសមស្រប និង មានភាពគ្រប់ជ្រុងជ្រោយជាងមុន។ ការប្រកាសនេះ ធ្វើឡើងក្រោយពីក្រសួងមើលឃើញថា អភិក្រម នេះបានបង្កឱ្យមានការចាប់អារម្មណ៍ និង ការបកស្រាយខុសៗគ្នាពីសំណាក់សាធារណជន។
ជាមួយគ្នានោះ ក្រសួងបានថ្លែងអំណរគុណ និង សូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់ អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន ហើយការកែលម្អនេះ នឹងឆ្លុះបញ្ចាំង អំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើក កម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាឱ្យ បានកាន់តែច្រើនឡើងថែមទៀត។
បន្ថែមពីនេះ ក្រសួងនឹងបន្តអនុវត្តអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយជឿជាក់ថា ការចូលរួមរបស់គ្រប់ភាគីនឹងក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗ៕