Img 1426
Swift cc time

អ្នកជំនាញសុខាភិបាលថៃ ព្រមាន«ម្ហូប១០មុខ»បន្ថែម នាំឱ្យមានព្រូនក្នុងថ្លើម និងមហារីក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ (DDC) បានចេញសេចក្តីព្រមានណែនាំឱ្យសាធារណជនជៀសវាងដាច់ខាតនូវមុខម្ហូបពេញនិយមចំនួន ១០ប្រភេទ ធ្វើពីត្រីទឹកសាបឆៅ ឬចម្អិនមិនឆ្អិនល្អ ព្រោះវាបង្កហានិភ័យខ្ពស់ក្នុងការឆ្លង «ព្រូនក្នុងថ្លើម» ដែលជាភ្នាក់ងារចម្បងបង្កឱ្យមានការរលាកផ្លូវទឹកប្រមាត់រ៉ាំរ៉ៃ រហូតវិវត្តទៅជា «ជំងឺមហារីកផ្លូវទឹកប្រមាត់»។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation មុខម្ហូបប្រឈមទាំង ១០ប្រភេទនោះ រួមមាន៖ ញាំសាច់ត្រីឆៅ (កូយផ្លា) ឡាបត្រីឆៅ ភ្លាត្រីឆៅ ត្រីប្រឡាក់ផ្អាប់ (ផ្លាចុម) ម៉ាំត្រី ម៉ុកត្រីដែលឆ្អិនមិនស្មើគ្នា ត្រីអាំងឬត្រីដុតដែលឆ្អិនមិនសព្វ ត្រីជូរ (ផ្លាស៊ុម) ប្រហុកថៃឆៅ និងបុកល្ហុងដាក់ប្រហុកឆៅជាដើម។

អ្នកជំនាញបានច្រានចោលការយល់ខុសជាទូទៅ ដោយសង្កត់ធ្ងន់ថា ការច្របាច់ទឹកក្រូចឆ្មារ ការលាយអំបិល ឬការផ្អាប់ត្រី គឺមិនអាចសម្លាប់ដង្កូវព្រូនបានឡើយ ពោលគឺមានតែការចម្អិនឆ្លងកាត់កម្ដៅខ្ពស់ឱ្យឆ្អិនសព្វសាច់ល្អប៉ុណ្ណោះ ទើបជាវិធីសាស្ត្របង្ការប្រកបដោយប្រសិទ្ធភាព។ អាស្រ័យហេតុនេះ អាជ្ញាធរសុខាភិបាលថៃ បានជម្រុញឱ្យអ្នកដែលមានទម្លាប់បរិភោគត្រីឆៅ រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ និងបានព្រមានកុំឱ្យទិញថ្នាំទម្លាក់ព្រូនមកលេបដោយខ្លួនឯង ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវឡើយ។

គួររំលឹកថា ករណីឆ្លងព្រូនក្នុងថ្លើមនេះបានក្លាយជាក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការធ្វើតេស្តថ្មីៗនេះបានរកឃើញនិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យមហាសារ៉ាខាម (Mahasarakham University) ចំនួនជាង ៤,២០០នាក់ មានលទ្ធផលវិជ្ជមាន។ ខណៈពេលជាមួយគ្នានោះ និស្សិតឆ្នាំទី១ ចំនួន ៣៨០នាក់ផ្សេងទៀត នៅសាកលវិទ្យាល័យរាជផាត់ មហាសារ៉ាខាម (Rajabhat Mahasarakham University) ក៏ត្រូវបានរកឃើញថាមានផ្ទុកមេរោគព្រូនថ្លើមនេះដូចគ្នា ដែលបង្កឡើងដោយសារទម្លាប់នៃការបរិភោគគ្រឿងសមុទ្រ និងត្រីទឹកសាបឆៅនេះ៕

Khcct banner

អត្ថបទទាក់ទង