ជប៉ុន៖ អាជ្ញាធរជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន ៤នាក់ ដែលមានអាយុចន្លោះពី ៣៦ ដល់ ៦៤ឆ្នាំ ពីបទរំលោភបំពានលើច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ និងការទទួលស្គាល់ជនភៀសខ្លួន។ ប្រតិបត្តិការចាប់ខ្លួននេះ បានធ្វើឡើងនៅក្នុងផ្ទះឯកជនមួយខ្នង ស្ថិតក្នុងស្រុកស៊ីម៉ូតាកៃ ខេត្តណាហ្គាណូ ជាកន្លែងពួកគេលាក់ខ្លួនរស់នៅជុំគ្នា។
យោងតាមការចេញផ្សាយរបស់កាសែត Japan Daily មន្ត្រីជំនាញជប៉ុនបានបញ្ជាក់ថា ជនជាតិថៃទាំងនោះបានលួចស្នាក់នៅក្នុងប្រទេសជប៉ុនដោយគ្មានទិដ្ឋាការស្របច្បាប់ក្នុងរយៈពេលខុសៗគ្នា ដោយអ្នកខ្លះមានរយៈពេលចាប់ពី ៣ឆ្នាំកន្លះ រហូតដល់អ្នកខ្លះទៀតបានលួចស្នាក់នៅខុសច្បាប់អូសបន្លាយអស់រយៈពេលជាង ១៥ឆ្នាំ។
ប្រតិបត្តិការបង្ក្រាបរួមគ្នានេះ ត្រូវបានធ្វើឡើងដោយកម្លាំងប៉ូលិសខេត្តណាហ្គាណូ សហការជាមួយការិយាល័យសេវាអន្តោប្រវេសន៍តំបន់តូក្យូ។ ការឆ្មក់បង្រ្កាបដ៏មានការសម្របសម្រួលនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរជប៉ុន ទទួលបានសេចក្តីរាយការណ៍សម្ងាត់ពីប្រជាពលរដ្ឋ ជុំវិញការសង្ស័យថាមានក្រុមជនបរទេសកំពុងលួចស្នាក់នៅហួសកាលកំណត់ទិដ្ឋាការ (Overstay)។
នាពេលនេះ អាជ្ញាធរជប៉ុនកំពុងបន្តនីតិវិធីច្បាប់លើជនល្មើសទាំងនោះ ខណៈព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់របស់ប្រទេសជប៉ុន ក្នុងការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ក្នុងស្រុករបស់ខ្លួន៕