អ៊ីរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅ ថ្ងៃ ពុធ នេះថាខ្លួនបានកំណត់គោលដៅទីតាំងយោធាសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសបារ៉ែន និងគុយវ៉ែត បន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារយោធាជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកប្រេងនៅក្នុងច្រកសមុទ្រហ័រមូស។ ទីបញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់ Khatam al-Anbiya បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាម៉េរិកថាជា «ទង្វើឈ្លានពានដោយចំហ» និងគំរាមគំហែងដល់អ៊ីរ៉ង់។ អ៊ីរ៉ង់ព្រមានថាមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែករបស់សហរដ្ឋអាម៉េរិកក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូសនោះទេ។
មន្រ្តីក្នុងតំបន់ដែលរងការវាយប្រហាររបស់អ៊ីរ៉ង់អះអាងថា សម្លេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅក្នុងប្រទេសបារ៉ែន និងគុយវ៉ែត។ កងទ័ពគុយវ៉ែតថា ការការពារដែនអាកាសកំពុងប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ខណៈរបាយការណ៍អំពីការខូចខាត និងចំនួនអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ។
គួររម្លឹកថាបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ទូកតូចៗជាង ៦០ គ្រឿងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវបានវាយប្រហារ ដើម្បីឆ្លើយតបទៅអ៊ីរ៉ង់ដែលវាយប្រហារ លើនាវាដឹកប្រេងបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រ រួមមាននាវា M/T Al Rekayyat ដែលមានទង់ជាតិកោះ Marshall នាវា M/T Wedyan ដែលមានទង់ជាតិអារ៉ាប៊ីសាអូឌីត និងនាវា M/T Cyprus Prosperity ដែលមានទង់ជាតិលីបេរីយ៉ា។ ទីបញ្ជាការកណ្តាលអាម៉េរិកថាការវាយប្រហារដែលមិនសមហេតុផលដោយកងកម្លាំងអ៊ីរ៉ង់លើនាវាខាងលើគឺជាការរំលោភយ៉ាងច្បាស់លាស់ និងគ្រោះថ្នាក់នៃបទឈប់បាញ់ និងធ្វើឱ្យខូចសេរីភាពនៃការធ្វើនាវាចរណ៍នាវា៕