Img 1426
Swift cc time

ថៃពង្រាយទ័ពតាមព្រំដែនបន្ទាន់ ក្រោយការវាយប្រហារនៅមីយ៉ាន់ម៉ា ខ្ទាតគ្រាប់ធ្លាក់ចូលដីខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ កងទ័ពថៃ នៅថ្ងៃ៨កក្កដានេះ បានសម្រេចបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ព្រំដែនក្នុងស្រុកម៉ែសត ខេត្តតាក ភ្លាមៗ បន្ទាប់ពីកម្ទេចគ្រាប់និងយុទ្ធភណ្ឌបង្កឡើងដោយការវាយប្រហារគ្នាយ៉ាងខ្លាំង ក្នុងប្រទេសមីយ៉ាន់ម៉ា បានខ្ទាតមកធ្លាក់ចំផ្ទះពលរដ្ឋចំនួន ៣ខ្នង និងគ្រាប់កាំភ្លើងត្បាល់ (ម៉ូទែរ) មួយគ្រាប់ទៀត បានធ្លាក់ចូលដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីថៃ។

យោងតាមការចេញផ្សាយរបស់កាសែត Thai Enquirer ការប៉ះទង្គិចគ្នានេះ បានផ្ទុះឡើងរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិការ៉ែន (KNLA) ដែលមានការគាំទ្រពីកងកម្លាំងការពារប្រជាជន នៅជិតភូមិមីនឡាផាន់ ក្នុងក្រុងម្យ៉ាវ៉ាឌី (Myawaddy) ដែលស្ថិតនៅទល់មុខចំភូមិហួយមហាវង់ (Huai Maha Wong) របស់ថៃ។

អាជ្ញាធរមូលដ្ឋានថៃ បានឱ្យដឹងថា ស្ថានភាពសង្រ្គាមដ៏ស្រួចស្រាវនេះបានបង្ខំឱ្យអ្នកស្រុកនាំគ្នារត់ភៀសខ្លួនរកជម្រកសុវត្ថិភាពពេញមួយយប់ ខណៈការប្រយុទ្ធគ្នានៅតែបន្តអូសបន្លាយ ប៉ុន្តែជាសំណាងល្អ មិនមានសេចក្តីរាយការណ៍អំពីជនរងគ្រោះថ្នាក់ ឬរងរបួសនៅក្នុងភូមិភាគខាងដីថៃឡើយ។

ជាការឆ្លើយតប កងកម្លាំងពិសេសថៃ បានដាក់ពង្រាយកងទ័ពបន្ថែម ព្រមទាំងរថយន្តយោធាប្រភេទ Humvees បំពាក់អាវុធធុនធ្ងន់ ដោយបានប្រកាសព្រមានថា កងកម្លាំងថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់ប្រហារព្រមានតបតវិញភ្លាមៗ និងដំឡើងកម្រិតវាយប្រហារកាន់តែខ្លាំង ប្រសិនបើមានគ្រាប់កាំភ្លើងបន្តរំលោភបំពានចូលមកក្នុងទឹកដីអធិបតេយ្យភាពរបស់ថៃបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង