ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា និងស្ថានទូតឡាវប្រចាំកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានឯកភាពគ្នាក្នុងការពិនិត្យ និងរៀបចំឡើងវិញនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកូតាអាហារូបករណ៍ កម្មវិធីផ្លាស់ប្ដូរវប្បធម៌យុវជន និងការអភិវឌ្ឍវិស័យកីឡារវាងប្រទេសទាំងពីរ។
យោងតាមគេហទំព័រក្រសួងអប់រំ លទ្ធផលនេះ សម្រេចបាននៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ។
ស្តាំ៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ជាលទ្ធផល កម្ពុជា និងឡាវ នឹងរៀបចំកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតទៅវិញទៅមក បង្កើតកម្មវិធីផ្លាស់ប្តូរវប្បធម៌យុវជន និងជំរុញការអភិវឌ្ឍវិស័យកីឡា។ បន្ថែមពីនេះ ភាគីឡាវបានថ្លែងអំណរគុណដល់ក្រសួងអប់រំកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់និស្សិតឡាវដែលកំពុងសិក្សានៅភ្នំពេញ ទាំងការផ្តល់អាហារូបករណ៍ និងការសម្របសម្រួលកន្លែងស្នាក់នៅ។
រដ្ឋមន្រ្តីក្រសួងអប់រំ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានសង្កត់ធ្ងន់ថា៖ «ការរួមគ្នាបណ្ដុះបណ្ដាល និងគាំទ្រយុវជនជំនាន់ក្រោយនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបន្តថែរក្សាចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍»។
កិច្ចសហប្រតិបត្តិការថ្មីលើវិស័យអប់រំ និងយុវជននេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពធនធានមនុស្សនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតផងដែរ៕