Img 1426
Swift cc time

ពលរដ្ឋប៉ាឡេស្ទីន អង្គុយទស្សនាបាល់ទាត់ FIFA World Cup លើគំនរអគារបាក់បែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
ទិដ្ឋភាពប្រជាជនប៉ាឡេស្ទីនជួបជុំគ្នាទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 លើគំនរបែកបាក់។ ប្រភព៖ប្រព័ន្ធផ្សព្វផ្សាយ។

ហ្កាហ្សា៖ ទិដ្ឋភាពនៃប្រជាជនប៉ាឡេស្ទីនជួបជុំគ្នាទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអេស៊ីប។ ស្ថិតក្រោមខ្សែភ្នែកសម្លឹងមើលទៅកាន់អេក្រង់បញ្ចាំង (Projector) តែមួយនៅក្នុងទីក្រុងហ្កាហ្សា (Gaza City) ដែលរងការខ្ទេចខ្ទាំដោយសារសង្រ្គាម ពលរដ្ឋប៉ាឡេស្ទីនបាននាំគ្នាអង្គុយលើគំនរអគារបាក់បែក និងប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ ដើម្បីចូលរួមទស្សនានិងគាំទ្រកីឡាដ៏ពេញនិយមមួយនេះ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ ប្រជាជនប៉ាឡេស្ទីនភាគច្រើនដែលបានមកជួបជុំគ្នានោះ គឺជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុមជម្រើសជាតិអេស៊ីប ខណៈដែលគ្រូបង្វឹករបស់ក្រុមអេស៊ីបក៏បានអះអាងថា ជោគជ័យរបស់ក្រុមលោកនៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងនាំមកនូវក្តីរីករាយនិងជ័យជម្នះដល់ពលរដ្ឋប៉ាឡេស្ទីនដូចគ្នា។

គួរបញ្ជាក់ថា សង្រ្គាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១,០០០ថ្ងៃ នៅដែនដីប៉ាឡេស្ទីន បានសម្លាប់ជីវិតមនុស្សអស់យ៉ាងហោចណាស់ ៧៣,០០០នាក់មកហើយ។ ទិដ្ឋភាពដ៏កម្រនិងគួរឱ្យរំភើបនេះបានបង្ហាញឱ្យឃើញច្បាស់ថា ទោះស្ថិតក្នុងស្ថានភាពលំបាក កីឡានៅតែជាឱសថទិព្វដ៏មានសារៈសំខាន់ក្នុងការផ្ដល់ក្តីសង្ឃឹម ព្រមទាំងមានឥទ្ធិពលអាចដាស់ស្មារតីមនុស្សជាតិ ដោយមិនបែងចែកពូជសាសន៍ ឬនិន្នាការនយោបាយ៕

Khcct banner

អត្ថបទទាក់ទង