អាម៉េរិក៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បើកការស៊ើបអង្កេតជាផ្លូវការមួយ បន្ទាប់ពីមានការចោទប្រកាន់អំពីការជេរប្រមាថ និងរើសអើងពូជសាសន៍ ទៅលើលោក IShowSpeed ជាកំពូល Influencer ជនជាតិអាម៉េរិកដ៏ល្បីល្បាញលើបណ្តាញសង្គម។ ហេតុការណ៍នេះបានកើតឡើង ក្នុងអំឡុងការប្រកួតដែលអាហ្សង់ទីន បានយកឈ្នះក្រុមកាប់វែរ (Cape Verde) ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយនៅក្នុងវីដេអូផ្សាយផ្ទាល់ (Live-stream) លើ Channel YouTube របស់ខ្លួន លោក IShowSpeed ពាក់អាវតំណាងឱ្យក្រុមកាប់វែរ បានមានជម្លោះពាក្យសម្តីយ៉ាងខ្លាំងជាមួយអ្នកគាំទ្រអាហ្សង់ទីនម្នាក់នៅលើកៅអីទស្សនិកជន។
សហព័ន្ធ FIFA បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រឹត្តិការណ៍ FIFA World Cup គឺជាការអបអរសាទរនៃសាមគ្គីភាព ភាពចម្រុះ និងការគោរពគ្នាទៅវិញទៅមក។ វាជាវេទិកាប្រមូលផ្តុំមនុស្សជាតិ វប្បធម៌ និងសហគមន៍មកពីជុំវិញពិភពលោក ដូចនេះជនណាដែលធ្វើសកម្មភាពក្នុងន័យបំផ្លិចបំផ្លាញតម្លៃទាំងនេះ គឺមិនត្រូវបានស្វាគមន៍នៅក្នុងវិស័យកីឡារបស់យើងឡើយ»។
គួរបញ្ជាក់ថា លោក IShowSpeed មានអ្នក Subscribe ចំនួន ៥៧លាននាក់នៅលើ YouTube និងអ្នក Follow ចំនួន ៥៣លាននាក់នៅលើ TikTok បានធ្វើការផ្សាយផ្ទាល់ (Live-stream) ការប្រកួតនានាក្នុងកំឡុងពេលព្រឹត្តិការណ៍នេះ ដោយក្នុងនោះសូម្បីតែប្រធានសហព័ន្ធ FIFA លោក Gianni Infantino និងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona និង AC Milan លោក Zlatan Ibrahimovic ក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងការផ្សាយផ្ទាល់របស់លោកផងដែរ៕