ភ្នំពេញ៖ អាហារូបករណ៍ Lester B. Pearson International Scholarship កំពុងបើកជ្រើសរើសយុវជនដែលបានចូលរួមយ៉ាងសកម្មក្នុងសាលារៀន និងមានការសិក្សាល្អ ឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅ University of Toronto ក្នុងប្រទេសកាណាដា។ ឱកាសនេះ ផ្តល់ជូនដល់យុវជនមកទូទាំងពិភពលោកប្រមាណ៣៧នាក់ ប៉ុណ្ណោះក្នុង១ឆ្នាំ។
បើតាមសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសកាណាដា អាហារូបករណ៍នេះ មានអត្ថប្រយោជន៍ដល់យុវជនដូចជា៖ ថ្លៃសិក្សាពេញលេញរយៈពេល ៤ ឆ្នាំ ថ្លៃសៀវភៅ និងសម្ភារៈសិក្សា ការគាំទ្រថ្លៃស្នាក់នៅពេញលេញរយៈពេល ៤ ឆ្នាំ និងថ្លៃសេវាផ្សេងៗ។
ចំពោះលក្ខខណ្ឌនៃអាហារូបករណ៍នេះ តម្រូវមានលិខិតអនុញ្ញាតសិក្សា (Study Permit) សម្រាប់និស្សិតអន្តរជាតិ ជាសិស្សកំពុងសិក្សាឆ្នាំចុងក្រោយនៃវិទ្យាល័យ ឬទើបបញ្ចប់ការសិក្សាមិនលើសពីខែមិថុនា ឆ្នាំ២០២៦ ហើយទទួលបានការណែនាំពីវិទ្យាល័យរបស់ខ្លួន និងគ្រោងចូលរៀនថ្នាក់បរិញ្ញាបត្រនៅខែកញ្ញា ឆ្នាំ២០២៧។
បេក្ខជនដែលចាប់អារម្មណ៍លើអាហារូបករណ៍នេះ សូមអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ https://future.utoronto.ca/pearson-scholarships និងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី៦ វិច្ឆិកា ២០២៦៕