Img 1426
Swift cc time

សាកលវិទ្យាល័យអន្តរជាតិចំនួន៤០មកពី១៧ប្រទេសចូលរួមវេទិកា“ការប្រើប្រាស់ឌីជីថលក្នុងការអប់រំ»នៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សាកលវិទ្យាល័យអន្តរជាតិចំនួន ៤០ មកពី ១៧ ប្រទេសជុំវិញពិភពលោក បានចូលរួមក្នុងពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦-The 9th BICC-Education Fair 2026 លើប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំ ជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និង វេទិកាស្រាវជ្រាវ លើកទី៣-The 3rd Research Forum លើប្រធានបទ “ការប្រើប្រាស់ឌីជីថលក្នុងការអប់រំ - Digital Transformation in Education”។ក្នុងវេទិកាអន្តរជាតិនេះ មានអ្នកជំនាញវិទ្យាសាស្ត្រ តំណាងក្រសួង-ស្ថាប័ន ជាតិ និងអន្តរជាតិចូលរួមសរុបប្រមាណជាង៥០០នាក់។

សាកលវិទ្យាល័យអន្តរជាតិទាំងអស់នោះមានពី អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ស្វីស អាម៉េរិក អង់គ្លេស នូវែលសេឡង់ ប៉ូឡូញ កូរ៉េខាងត្បូង វៀតណាម ចិន ហ្វីលីពីន ភូមា និង ឥណ្ឌូនេស៊ី ជាដើម។ក្នុងវេទិកានោះ ក្រុមអ្នកជំនាញនានា បានចែករំលែកពីបទពិសោធន៍នានា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។

ក្នុងនាមជាម្ចាស់ផ្ទះ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ពិព័រណ៍អប់រំ និងវេទិកាស្រាវជ្រាវ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចការស្រាវជ្រាវ ជាមួយសាកលវិទ្យាល័យដៃគូនៅ ក្រៅប្រទេស។បន្ថែមពីនេះ គឺបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស បងង្កើតវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម ដើម្បីជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន។

ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស។ផ្លាស់ប្តូរគំនិត របកគំហើញ ការយល់ដឹងក្នុងចំណោមអ្នកស្រាវជ្រាវ និងជាវេទិកាសម្រាប់អ្នកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងស្នាដៃស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិ ដើម្បីការកម្ពស់កិច្ចការស្រាវជ្រាវ។

បើតាម លោក លី ណាវុឌ្ឍ បានជម្រាបផងដែរថា ដោយមានកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី នាដើមខែតុលា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ នឹងចាប់ផ្តើមបើកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំនៅ MONASH–BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំទៀត នៅសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

លោកសាស្ត្រាចារ្យបណ្ឌិត យាន ស៊ូហុង ប្រធានការិយាល័យសិក្សា នៃសាកលវិទ្យាល័យ Information Technology and Management មកពីប្រទេសប៉ូឡូញ បានចាត់ទុកវេទិកាអន្តរជាតិនៅកម្ពុជាពេលនេះ គឺជាវេទិកាមួយដែលផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរបស់លោក ក៏ដូចជា សាកលវិទ្យាល័យនានាមកពីជុំវិញពិភពលោក បានជួបផ្ទាល់ជាមួយសិស្ស-និស្សិតកម្ពុជា ដើម្បីចែករំលែកព័ត៌មានសិក្សា និងឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ ជាពិសេសបានស្គាល់អំពីវប្បធម៌ អរិយធម៌ខ្មែរ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។

ចំណែកលោកបណ្ឌិត លី ឆេង យល់ថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕


Khcct banner

អត្ថបទទាក់ទង