Img 1426
Swift cc time

អាម៉េរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ចំពេលកិច្ចចរចានៅស្រពិចស្រពិល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់ជាថ្មីម្តងទៀត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកប្រេងចំនួនបីគ្រឿងនៅក្នុងច្រកសមុទ្រ ហ័រមូស។ បញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (Centcom) បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានវាយប្រហារគោលដៅជាង ៨០ រួមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាង ៦០ គ្រឿងនៅក្នុងច្រកសមុទ្រ។

សហរដ្ឋអាម៉េរិកអះអាងថាការវាយប្រហារជាថ្មីនេះដើម្បីឆ្លើយតបទៅអ៊ីរ៉ង់ដែលវាយប្រហារ លើនាវាដឹកប្រេងបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រ រួមមាននាវា M/T Al Rekayyat ដែលមានទង់ជាតិកោះ Marshall នាវា M/T Wedyan ដែលមានទង់ជាតិអារ៉ាប៊ីសាអូឌីត និងនាវា M/T Cyprus Prosperity ដែលមានទង់ជាតិលីបេរីយ៉ា។ទីបញ្ជាការកណ្តាលអាម៉េរិកថាការវាយប្រហារដែលមិនសមហេតុផលដោយកងកម្លាំងអ៊ីរ៉ង់លើនាវាខាងលើគឺជាការរំលោភយ៉ាងច្បាស់លាស់ និងគ្រោះថ្នាក់នៃបទឈប់បាញ់ និងធ្វើឱ្យខូចសេរីភាពនៃការធ្វើនាវាចរណ៍នាវា។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកសកម្មភាពរបស់អាម៉េរិកជាការរំលោភលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ហើយទង្វើរអាម៉េរិកបានបង្ហាញពី ភាពមិនស្មោះត្រង់ ភាពមិនស៊ីសង្វាក់គ្នា និងមិនគួរឱ្យទុកចិត្តរបស់រដ្ឋាភិបាលអាម៉េរិក។អ៊ីរ៉ង់ព្រមានទៀតថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឆ្លើយតបជាមួយនឹងសកម្មភាពរបស់អាម៉េរិក។

កាតា និងអារ៉ាប៊ីសាអូឌីតបានថ្កោលទោសការវាយប្រហារលើទូក ៣គ្រឿងរបស់ខ្លូន ដោយម្នាក់ៗនិយាយថា នាវាដឹកប្រេងមួយគ្រឿងមកពីប្រទេសរបស់ខ្លួនត្រូវបានវាយប្រហារ ខណៈពេលកំពុងឆ្លងកាត់ជិតច្រកសមុទ្រ ហើយបានស្តីបន្ទោសអ៊ីរ៉ង់ចំពោះការវាយប្រហារ។ លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតាប្រាប់ឲ្យអ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហារគោលដៅទៅលើនាវាមួយគ្រឿងឈ្មោះ Al-Rekayyat នៅពេលដែលកំពុងឆ្លងកាត់ជិតច្រកសមុទ្រ។កាតាបានទាមទារឱ្យអ៊ីរ៉ង់ បញ្ឈប់ជាបន្ទាន់នូវការអនុវត្តទាំងអស់ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់និង ចៀសវាងការធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល និងធនធានរបស់ប្រទេសនានាក្នុងតំបន់៕

ពាក្យទាក់ទង: អាមេរិក អ៊ីរ៉ង់
Khcct banner

អត្ថបទទាក់ទង