ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ ២០២៦ បានប្រកាសបើកទទួលពាក្យ សម្រាប់យុវតីដែលមានសមត្ថភាព និងមហិច្ឆតាខ្ពស់ មានអាយុចន្លោះពី ១៧ ដល់ ២០ ឆ្នាំ មកពីប្រទេសកម្ពុជា ហ្គាតេម៉ាឡា និងលីបេរីយា ក្នុងការដណ្តើមយកអាហារូបករណ៍ពេញថ្លៃ ដើម្បីសិក្សានៅតាមបណ្តាសាកលវិទ្យាល័យល្បីៗនៅអាមេរិក។
SHE-CAN (Supporting Her Education Changes A Nation) គឺជាកម្មវិធីភាពជាអ្នកដឹកនាំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កម្មវិធីនេះមានគោលបំណងជួយជ្រោមជ្រែង លើសពីការជួយឱ្យទទួលបានអាហារូបករណ៍ ម្ចាស់អាហារូបករណ៍ SHE-CAN ទាំងអស់នឹងទទួលបាន ការគាំទ្រផ្នែកស្មារតី និងការតម្រង់ទិសដៅ វគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ ការប្រឹក្សាយោបល់ផ្ទាល់ពីអ្នកជំនាញ (Mentorship) និងការណែនាំ និងរៀបចំគម្រោងការងារនាពេលអនាគត។
បេក្ខជនត្រូវជានារីដែលមានអាយុចន្លោះពី ១៧ ដល់ ២០ ឆ្នាំ ដែលបានបញ្ចប់ការសិក្សា ឬកំពុងសិក្សាថ្នាក់វិទ្យាល័យ ហើយនឹងត្រូវបញ្ចប់ការសិក្សាយ៉ាងយូរបំផុតត្រឹមខែមិថុនា ឆ្នាំ២០២៧។ ទន្ទឹមនឹងនេះ បេក្ខជនត្រូវមានលទ្ធផលសិក្សាល្អ មានសមត្ថភាពប្រកបដោយជំនឿចិត្តក្នុងការប្រើប្រាស់ភាសាអង់គ្លេស ព្រមទាំងធ្លាប់មានបទពិសោធន៍បង្ហាញពីភាពជាអ្នកដឹកនាំនៅក្នុងសាលារៀន ឬក្នុងសហគមន៍កន្លងមក។
គោលដៅចម្បងនៃកម្មវិធីនេះ គឺដើម្បីបំពាក់បំប៉ន និងរៀបចំយុវតីឱ្យក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពល ក្នុងការត្រឡប់មកជួយអភិវឌ្ឍ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ ក៏ដូចជាប្រទេសជាតិរបស់ខ្លួនវិញ។ ប្រសិនបើអ្នកជាយុវតីដែលមានក្តីស្រមៃចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក និងចង់ក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរនៅក្នុងសង្គម អាចដាក់ពាក្យតាម (Link): https://bit.ly/3Xnntiw ឱ្យបានត្រឹមថ្ងៃទី ១ តុលា ២០២៦៕