ហ្សាកាតា៖ឥណ្ឌូណេស៊ី និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្ត្រមួយ ដោយឥណ្ឌានឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលគ្រូសល្បឿនលឿនជាងសំឡេង «BrahMos» ចំនួនពីរគ្រឿង (Batteries) ក្នុងតម្លៃប្រមាណ ២០០លានដុល្លារ ដល់ឥណ្ឌូនេស៊ី។កិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារឆ្នេរ និង ប្រឆាំងនាវាចម្បាំង។
ក្រៅពីមីស៊ីល BrahMos ភាគីទាំងពីរក៏បានព្រមព្រៀង លើកិច្ចសហប្រតិបត្តិការការពារជាតិសំខាន់ៗផ្សេងទៀត រួមមានប្រព័ន្ធមីស៊ីលបាញ់ពីអាកាសទៅអាកាស «Astra» ការផ្ទេរបច្ចេកវិទ្យាយោធា និង ការបង្កើនសន្តិសុខដែនសមុទ្រ ដែលឆ្លុះបញ្ចាំងពីការរឹតចំណងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងប្រទេសឥទ្ធិពលទាំងពីរ ក្នុងនាមជាសមាជិកក្រុម G20 ព្រមទាំងប្លុក BRICS។
ប្រព័ន្ធមីស៊ីល BrahMos មួយគ្រឿង (Battery) រួមមានបំពង់បាញ់ចំនួន ៤ (Launchers) និង គ្រាប់មីស៊ីលចំនួន ១២គ្រាប់ ត្រៀមជាស្រេចសម្រាប់បាញ់ ព្រមទាំងយានយន្តឧបករណ៏ជំនួយផ្សេងៗ។ ប្រព័ន្ធអាវុធដ៏មានឥទ្ធិពលនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ហើយវាធ្លាប់បានដើរតួយ៉ាងសំខាន់ ក្នុងប្រតិបត្តិការយោធារបស់ឥណ្ឌានាពេលកន្លងមក។ បច្ចុប្បន្ន ឥណ្ឌាក៏កំពុងដំឡើងសមត្ថភាពចម្ងាយបាញ់របស់មីស៊ីលនេះពី ២៩០គីឡូម៉ែត្រ ទៅដល់ ៤០០គីឡូម៉ែត្រសម្រាប់ការវាយប្រហារលើនាវាចម្បាំង និងរហូតដល់ ៥០០គីឡូម៉ែត្រសម្រាប់ការវាយប្រហារលើគោក៕