ចិន៖ ពស់មានពិស និងគ្មានពិសជាច្រើនប្រភេទប្រមាណពី ៨០០ ទៅ ៩០០ក្បាល រួមទាំងពស់វែកដែលមានពិសកាចសាហាវ បានរួចចេញពីកសិដ្ឋានមួយកន្លែងនៅក្នុងភូមិ Dengwei នៃទីក្រុង Hengzhou តំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីគ្រោះទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង «ម៉ៃសាក់» (Maysak) បានវាយប្រហារបាក់ទំនប់អាងស្តុកទឹក និងលិចលង់កម្ទេចកសិដ្ឋាននោះ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានអ្នកភូមិមួយចំនួនបានរងគ្រោះដោយសារពស់ចឹក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Global Times បានឱ្យដឹងថា ក្នុងចំណោមពស់ដែលរួចទាំងនោះ មានទាំងប្រភេទពស់គ្មានពិស ក៏ដូចជាប្រភេទពស់មានពិសខ្លាំងដូចជាពស់វែកជាដើម។ ស្ថានភាពកាន់តែធ្ងន់ធ្ងរដោយសារទឹកជំនន់បានកាត់ផ្តាច់ផ្លូវធ្វើដំណើរ បណ្តាលឱ្យអ្នកភូមិដែលរងគ្រោះដោយពស់ចឹកមួយចំនួនត្រូវជាប់គាំង មិនអាចចេញទៅស្វែងរកការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា និងប្រឈមនឹងការខ្វះខាតឱសថផ្គត់ផ្គង់សង្គ្រោះបន្ទាន់។
ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានចិន និងក្រុមសង្គ្រោះបន្ទាន់បានចាត់វិធានការចុះទៅអន្តរាគមន៍ និងគ្រប់គ្រងស្ថានការណ៍យ៉ាងប្រញាប់។ ប្រជាពលរដ្ឋស្ម័គ្រចិត្តជាង ១០នាក់ មកពីភូមិក្បែរខាងដែលមិនរងគ្រោះ បានរួមគ្នាបង្កើតក្រុមការងារស៊ីវិលដើរដេញចាប់ពស់តាមផ្ទះ និងតាមគំនរកម្ទេចកំទីដែលអណ្តែតលើទឹក ដោយប្រើប្រាស់ឧបករណ៍នេសាទ និងឧបករណ៍ឆក់ត្រី ដើម្បីទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់បន្ថែមទៀត។
អាជ្ញាធរក្រុង Hengzhou បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយបង្គាប់និងណែនាំដល់ប្រជាពលរដ្ឋដែលគ្មានជំនាញអាជីព ហាមសាកល្បងចាប់ពស់ដោយខ្លួនឯងជាដាច់ខាត។ ប្រសិនបើប្រទះឃើញពស់នៅក្នុងលំនៅឋាន ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់គណៈកម្មការភូមិ ដើម្បីឱ្យមន្ត្រីជំនាញចុះមកដោះស្រាយដោយសុវត្ថិភាព៕