ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា អបអរសាទរខួបជាប្រវត្តិសាស្ត្រ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)។ ក្នុងឱកាសនេះ ព្រះមហាក្សត្រកោតសរសើរជាទីបំផុតចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅខេត្តកំពង់ធំឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាពនៅលើទឹកដីកម្ពុជា។ កិច្ចការអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌ ជាកិច្ចការគ្មានទីបញ្ចប់ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារដូចតទៅ៖ នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្ដែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាល សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹកនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរជាទីបំផុតចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅខេត្តកំពង់ធំឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចការអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌ ជាកិច្ចការគ្មានទីបញ្ចប់ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន ។
ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែ “ ព្រះបរមរតនកោដ្ឋ“ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ដែព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជា ទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាស់វៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេច ហ៊ុន ម៉ាណត់ ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យពីភពីលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិសំបូរ ព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក * ICC/ANGKOR-SAMBOR PREI KUK - និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យថ្វាយព្រះពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមជូនពរ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងសូមព្រះមេត្តាទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងមេត្តាទទួលនូវសេចក្ដី ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ៕