វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក Microsoft បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងកាត់បន្ថយតំណែងការងារចំនួនប្រហែល ៤,៨០០កន្លែងនៅទូទាំងពិភពលោក ឬស្មើនឹង ២.១ភាគរយនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។ការបញ្ឈប់បុគ្គលិកនេះ នឹងជះឥទ្ធិពលខ្លាំងទៅលើផ្នែកលក់ពាណិជ្ជកម្ម (Commercial Sales) និងផ្នែកហ្គេម Xbox។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកស្រី អេមី ខូលម៉ែន (Amy Coleman) អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកធនធានមនុស្សរបស់ Microsoft បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុនកំពុងផ្លាស់ប្តូរចំពេលមានការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា និងតម្រូវការរបស់អតិថិជន ហេតុនេះស្ថាប័នត្រូវតែផ្លាស់ប្តូរទៅតាមនោះ។ លោកស្រីបានសង្កត់ធ្ងន់ថា ការបញ្ឈប់បុគ្គលិកនេះ មិនមែនជាលទ្ធផលផ្ទាល់នៃការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកជំនួសកន្លែងមនុស្សទេ។
ដើម្បីសម្រាលបន្ទុក Microsoft បានបញ្ជាក់ថាខ្លួននឹងផ្តល់កញ្ចប់ថវិកាបញ្ចប់កិច្ចសន្យា (Severance packages) អាហារូបត្ថម្ភថែទាំសុខភាព និងជំនួយក្នុងការស្វែងរកការងារថ្មីសម្រាប់បុគ្គលិកដែលរងផលប៉ះពាល់។ ក្រុមហ៊ុនក៏បានកត់សម្គាល់ថា កម្មវិធីចូលនិវត្តន៍ដោយស្ម័គ្រចិត្តដែលបានដាក់ចេញកាលពីដើមឆ្នាំ ក៏បានជួយកាត់បន្ថយទំហំនៃការបញ្ឈប់បុគ្គលិកនៅពេលនេះបានមួយផ្នែក។
ការកាត់បន្ថយកម្លាំងពលកម្មចុងក្រោយបង្អស់នេះ បានកើតឡើងខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅតែបន្តបោះទុនវិនិយោគយ៉ាងគំហុកលើវិស័យ AI តែទន្ទឹមនឹងនោះក៏ត្រូវស្វែងរកវិធីគ្រប់គ្រងការចំណាយ និងបង្កើនប្រសិទ្ធភាពការងារ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Microsoft គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមានបុគ្គលិកពេញម៉ោងសរុបប្រហែល ២២៨,០០០នាក់ នៅទូទាំងពិភពលោក៕