សៀមរាប៖ អង្គការសហគមន៍យើង (JWOC) ប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃក្នុង «កម្មវិធីអនាគតប្រសើរ» សម្រាប់ឆ្នាំសិក្សាថ្មី (២០២៦ - ២០២៧)។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាព និងចំណេះជំនាញរបស់យុវជនរយៈពេលមួយឆ្នាំពេញ ដើម្បីត្រៀមខ្លួនចូលក្នុងទីផ្សារការងារ។
យោងតាមសេចក្តីជូនដំណឹងនៃ អង្គការសហគមន៍យើង (JWOC) សិស្ស-និស្សិតដែលត្រូវបានជ្រើសរើសឱ្យចូលរៀនក្នុងកម្មវិធីនេះ នឹងទទួលបានការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ព្រមទាំងទទួលបានការប្រឹក្សាការងារ និងការគាំទ្រផ្នែកសុខភាពផងដែរ។ បន្ថែមពីនេះ យុវជននឹងទទួលបានការបណ្តុះបណ្តាលយ៉ាងលម្អិតអំពីភាពជាអ្នកដឹកនាំ ការធ្វើគម្រោង វគ្គតម្រង់ទិសអាជីពការងារ និងទទួលបានការសម្របសម្រួល ក្នុងការស្វែងរកការងារធ្វើ។ ក្នុងកំឡុងពេលសិក្សា បេក្ខជននឹងទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំខែយ៉ាងតិច ៥០ ដុល្លារ ហើយសម្រាប់សិស្សឆ្នើមចំនួន ៣ រូប នឹងមានឱកាសទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ ករណីដែលមិនទាន់បានចូលរៀនថ្នាក់ឧត្តមសិក្សា។
ដើម្បីមានឱកាសទទួលបានការសិក្សានេះ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដែលបានកំណត់ ដោយត្រូវជានិស្សិតដែលត្រៀមបញ្ចប់ថ្នាក់ទី ១២ បានបញ្ចប់ ឬបោះបង់ការសិក្សាត្រឹមកម្រិតវិទ្យាល័យ និងមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ។ ចំពោះពេលវេលា បេក្ខជនត្រូវមានពេលរៀន ៤ ម៉ោងក្នុងមួយថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ និងត្រូវមានពេលវេលាយ៉ាងហោចណាស់ ៤ ម៉ោងក្នុងមួយថ្ងៃបន្ថែមទៀត សម្រាប់ការធ្វើការងារហាត់ការ (Internship)។ លក្ខខណ្ឌកម្រិតភូមិសាស្ត្រ និងជីវភាព តម្រូវឱ្យបេក្ខជនត្រូវតែជារស់នៅក្នុងខេត្តសៀមរាបក្នុងកំឡុងពេល ១ ឆ្នាំនៃការសិក្សានៅក្នុងកម្មវិធី និងត្រូវតែជាយុវជនដែលមកពីគ្រួសារខ្វះខាតពិតប្រាកដ។ បេក្ខជនត្រូវដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចអញ្ជើញទៅចុះឈ្មោះដោយផ្ទាល់នៅការិយាល័យរបស់អង្គការសហគមន៍យើង ស្ថិតនៅ ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ 012 571 732 ឬ 078 511 706 និងអាចចូលទៅកាន់គេហទំព័រ jwoc.info ឬទំព័រហ្វេសប៊ុក jwoc_ngo៕