ហូជីមិញ៖ តម្លៃទុរេននៅតាមចំការក្នុងប្រទេសវៀតណាម បានកត់ត្រាការធ្លាក់ចុះពី ២០ ទៅ ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទុរេនពូជ «រី៦» បានធ្លាក់ថ្លៃមកនៅទាបបំផុតត្រឹម ២៨,០០០ដុង (ប្រមាណ ១.០៦ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ខណៈពូជ «ម៉ាន់ថង» (Monthong) ធ្លាក់មកនៅចន្លោះពី ៤៦,០០០ ដល់ ៦៨,០០០ដុង (ប្រមាណ ១,៧៥ ដល់ ២,៥៩ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន។ ការធ្លាក់ថ្លៃនេះ បានធ្វើឱ្យកសិករវៀតណាមស្ទើរតែរកប្រាក់ចំណេញមិនបាន ដោយសារតែតម្លៃជី និងថ្លៃពលកម្មនៅឆ្នាំនេះមានការកើនឡើង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress មូលហេតុចម្បងដែលនាំឱ្យតម្លៃទុរេនដាំក្បាលចុះបែបនេះ គឺដោយសារតែបញ្ហាភ្លៀងធ្លាក់ជោកជាំអូសបន្លាយពេលយូរ។ កត្តាអាកាសធាតុនេះ បានធ្វើឱ្យផ្លែទុរេនពី ៣០ ដល់ ៤០ភាគរយ មានសភាពសាច់រឹង (សាច់ឈើ) និងបាត់បង់រសជាតិឆ្ងាញ់។
ស្ថានភាពនេះបានធ្វើឱ្យធុរេនកម្រិត Grade A ដែលមានគុណភាពខ្ពស់សម្រាប់នាំចេញ ប្រែជាពិបាកស្វែងរកយ៉ាងខ្លាំង។ ហេតុនេះហើយ ទើបអាជីវករវៀតណាមសម្រេចចិត្តកាត់បន្ថយការប្រមូលទិញ ដោយបច្ចុប្បន្នទិញសល់ត្រឹមតែ ១ភាគ៣ បើធៀបនឹងឆ្នាំមុនប៉ុណ្ណោះ។
ក្រុមអាជីវករបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើជើងទំនិញដែលបញ្ជូនទៅឱ្យក្រុមហ៊ុននាំចេញ ត្រូវបានរកឃើញថាមានផ្ទុកសារធាតុសំណល់កាត់មីញ៉ូម (Cadmium) លើសកម្រិតកំណត់។
ប្រភពដដែលបានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រទេសចិនក្នុងនាមជាទីផ្សារដោះដូរពាណិជ្ជកម្មទុរេនដ៏ធំ បានបង្កើនការរឹតបន្តឹងកាន់តែខ្លាំងលើស្តង់ដារគុណភាព សុវត្ថិភាពចំណីអាហារ និងលទ្ធភាពតាមដានប្រភពដើម (Traceability)។ ករណីនេះតម្រូវឱ្យម្ចាស់ចំការ និងសហគ្រាសវៀតណាមទាំងអស់ ត្រូវតែពង្រឹងយន្តការគ្រប់គ្រងគុណភាពឱ្យបានម៉ឺងម៉ាត់បំផុត ប្រសិនបើចង់ពន្លឿននីតិវិធីត្រួតពិនិត្យ និងការធ្វើគយនៅតាមច្រកទ្វារព្រំដែន៕