ចិន៖ ចិនបានសាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលមានក្បាលគ្រាប់សិប្បនិម្មិតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្មានម៉ោងបន្ទាប់ពីអូស្ត្រាលីបានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិថ្មីជាមួយហ្វីជី។ ទីក្រុងប៉េកាំងបានប្រកាសចាត់ទុកការតេស្តសាកល្បងនេះជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់ចិន។ ការបាញ់តេស្តមីស៊ីលរបស់ចិននេះបានធ្វើឱ្យប្រទេសជិតខាងរួមមានប្រទេសជប៉ុន នូវែលសេឡង់ និងអូស្ត្រាលីខឹងសម្បារ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បញ្ជាក់ថាសកម្មភាពបាញ់បង្ហោះដែលពាក់ព័ន្ធត្រូវបានធ្វើឡើងតាមរបៀបសុវត្ថិភាព មានបទប្បញ្ញត្តិ និងវិជ្ជាជីវៈ ហើយយើងសង្ឃឹមថាប្រទេសមួយចំនួននឹងចៀសវាងការបកស្រាយហួសហេតុពេក។
ឆ្លើយតបជាមួយនឹងការបាញ់បង្ហោះរបស់ចិន អូស្តា្រលីបានចោទប្រកាន់ប្រទេសចិនពីបទធ្វើឱ្យអស្ថិរភាពតំបន់បន្ទាប់ពីចិនបានតេស្តសាកល្បងមីស៊ីលទៅកាន់សមុទ្រប៉ាស៊ីហ្វិករដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រា្តលីលោក Richard Marles បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងបានជូនដំណឹងដល់ទីក្រុងកង់បេរ៉ាអំពីផែនការរបស់ខ្លួនក្នុងការធ្វើការសាកល្បងមីស៊ីលនេះប៉ុន្មានម៉ោងមុន។ លោក Marles ថា ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាព និងសន្តិសុខនៃប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters ចាត់ទុកការសាកល្បងនេះថាជារឿង គួរឱ្យព្រួយបារម្ភ លោកថាការអភិវឌ្ឍណាមួយទៀត លោកនឹងពិភាក្សាជាមួយដៃគូប៉ាស៊ីហ្វិក។
គួរកត់សម្គាល់ថាអូស្ត្រាលី និងហ្វីជីបានចុះហត្ថលេខាលើសម្ព័ន្ធភាពការពារជាតិថ្មីដ៏សំខាន់មួយ ដែលជាការជំរុញបន្ថែមទៀតនូវយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសហព័ន្ធក្នុងការកំណត់ឥទ្ធិពលរបស់ចិននៅទូទាំងតំបន់ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងនោះរួមមានប្រទេសអូស្ត្រាលី និងហ្វីជីនឹង “ធ្វើសកម្មភាពតបតរួមគ្នា” ក្នុងករណីដែលប្រទេសណាមួយត្រូវបានវាយប្រហារ ក្រៅពីនេះក៏ផ្តោតលើទិដ្ឋាការចេញចូលរវាងជនជាតិនៃប្រទេសទាំងពីរ និងបញ្ហាសន្តិសុខប្រឈមមួយចំនួនទៀត៕