Img 1426
Swift cc time

រ៉ូណាល់ដូស្រក់ទឹកភ្នែក ចាញ់អេស្ប៉ាញ ១-០ មិនអាចបន្តការប្រកួតយកពាន World Cup ជូនប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
កីឡាករបាល់ទាត់កំពូល លោក គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ

ដាឡាស់៖ អាជីពបាល់ទាត់ដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កីឡាករបាល់ទាត់កំពូល លោក គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ ត្រូវបញ្ចប់ទៅដោយគ្មានពានរង្វាន់ពិភពលោកដ៏ធំជាងគេឡើយ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបង្ហូរទឹកភ្នែកក្នុងប្រកួតចុងក្រោយរបស់ខ្លួន ក្រោយពេលព័រទុយហ្គាល់ចាញ់អេស្ប៉ាញ ១-០ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៅទីក្រុងដាឡាស់ សហរដ្ឋអាម៉េរិក។ លោក រ៉ូណាល់ដូ ធ្លាប់ប្រកាសមុនការប្រកួតថា នេះជាព្រឹត្តិការណ៍ World Cup ចុងក្រោយរបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់បណ្តាញផ្សព្វផ្សាយ BBC គ្រាប់បាល់សម្រេចទីនៅចុងម៉ោងបន្ថែមបង្កប់ ដោយកីឡាករ មីកែល មេកឺណូ (Mikel Merino) បានក្លាយជាគ្រាប់បាល់មាសជួយឱ្យអេស្ប៉ាញឡើងទៅវគ្គបន្ត និងបានបំបែកបេះដូងអ្នកគាំទ្រព័រទុយហ្គាល់។

អេស្ប៉ាញ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ក្រោយគ្រាប់បាល់សម្រេចទីចុងម៉ោងរបស់ Merino យកឈ្នះព័រទុយហ្គាល់

លោក គ្រីស ស៊ុតតុន (Chris Sutton) អ្នកវិភាគរបស់ BBC និងជាអតីតខ្សែប្រយុទ្ធអង់គ្លេស បានរិះគន់ចំៗចំពោះការសម្រេចចិត្តដាក់ម្ចាស់អាវលេខ៧ របស់ក្លិប Al-Nassr រូបនេះឱ្យចូលលេងគ្រប់ការប្រកួត។ លោកនិយាយប្រៀបធៀបថា រ៉ូណាល់ដូ គ្រាន់តែមកដើរពេញតារាងដូចជាលោកតាម្នាក់ប៉ុណ្ណោះ ហើយនោះជាមូលហេតុចម្បងដែលធ្វើឱ្យព័រទុយហ្គាល់ត្រូវធ្លាក់ចេញពីការប្រកួត។ លោកក៏បានចោទសួរពីចំណាត់ការរបស់លោក រ៉ូប៊ឺតូ ម៉ាទីណេស និងរិះគន់ថា គ្រូបង្វឹករូបនេះបានបណ្តោយតាមចិត្តកីឡាករម្នាក់ខ្លាំងហួសហេតុ ដែលជាហេតុនាំឱ្យព័រទុយហ្គាល់ត្រូវទទួលបរាជ័យ។

លោក គ្រីស ស៊ុតតុន (Chris Sutton) អ្នកវិភាគរបស់ BBC និងជាអតីតខ្សែប្រយុទ្ធអង់គ្លេស

ភ្លាមៗក្រោយបញ្ចប់ការប្រកួត លោក ម៉ាទីណេស (Roberto Martinez) បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកព័រទុយហ្គាល់ ប៉ុន្តែលោកនៅតែការពារ និងសរសើរ រ៉ូណាល់ដូ ថាជា «និមិត្តរូបបាល់ទាត់» ដោយលើកឡើងថា៖ «យើងត្រូវអរគុណចំពោះអ្វីដែលគាត់បានព្យាយាមធ្វើនៅ World Cup នេះ។ ក្តីស្រមៃរបស់គាត់គឺចង់ឈ្នះពាននេះ ហើយគាត់បានបង្ហាញខ្លួនជាគំរូដ៏អស្ចារ្យបំផុត ទាំងក្នុងនាមជាអត្តពលិក និងជាមនុស្សម្នាក់»។

លោក ម៉ាទីណេស (Roberto Martinez) អតីតគ្រូបង្វឹកព័រទុយហ្គាល់ 

គួររំលឹកថា គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ គឺជាម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល, ពានរង្វាន់ UEFA Champions League ៥សម័យកាល និងជាម្ចាស់ជើងឯក Euro 2016 ដោយបានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកចំនួន ៩៧៦គ្រាប់ឱ្យក្លិប និងជម្រើសជាតិ ព្រមទាំងជាកីឡាករដំបូងគេបង្អស់ដែលរកគ្រាប់បាល់បាននៅ World Cup ៦ដងផ្សេងគ្នា។ បុន្តែ លទ្ធផលល្អបំផុតដែលលោកធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ គឺការដឹកនាំព័រទុយហ្គាល់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០០៦ ប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង