កូឡំបូ៖ មនុស្សយ៉ាងហោចណាស់ ២៦នាក់បាត់បង់ជីវិត (ក្នុងនោះមានឆ្មាំគុក ៧នាក់) និងជាង ១០០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បះបោរ និងអំពើហិង្សាដ៏កាចសាហាវរយៈពេលពីរថ្ងៃ នៅក្នុងពន្ធនាគារ ណេហ្គំបូ (Negombo Prison) ស្ថិតក្នុងទីក្រុងឆ្នេរ សមុទ្រភាគខាងជើងរដ្ឋធានីកូឡំបូ ប្រទេសស្រីលង្កា។ អំពើហិង្សានេះបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយសារជម្លោះរវាងអ្នកទោសពីរក្រុមរឿងលួចរាយការណ៍ពីការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារ។ ក្នុងអំឡុងពេលវាយតប់គ្នា ក្រុមអ្នកទោសបានដណ្តើមយកកាំភ្លើងពីឆ្មាំគុក បាញ់សម្លាប់មនុស្ស ២នាក់ និងបាននាំគ្នាឡើងលើដំបូលតវ៉ាទាមទារឱ្យមានការដោះលែង។ ស្ថានការណ៍កាន់តែឡើងកម្តៅរហូតដល់ថ្ងៃចន្ទ នៅពេលដែលក្រុមអ្នកទោសព្យាយាមសម្រុកបំបែកទ្វារចេញ បង្ខំឱ្យកងកម្លាំងសន្តិសុខបើកការបាញ់ប្រហារដើម្បីគ្រប់គ្រងស្ថានការណ៍ឡើងវិញ។
បើតាមអាជ្ញាធរស្រីលង្កា គិតត្រឹមពេលនេះមានឆ្មាំគុក ២៣នាក់ និងអ្នកទោស ៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយអ្នកខ្លះរងរបួសដោយគ្រាប់កាំភ្លើង និងខ្លះទៀតរងរបួសដោយសារដំបូលពន្ធនាគារបានបាក់ស្រុតធ្លាក់ចំអំឡុងពេលកើតហេតុ។
ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងពន្ធនាគារ លោក ហាសាណា ណាណាយ៉ាការ៉ា (Harshana Nanayakkara) បានបញ្ជាឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតជាបន្ទាន់ ខណៈដែលកងទ័ពត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈជួយអន្តរាគមន៍ ហើយអ្នកទោសមួយចំនួនកំពុងត្រូវបានរៀបចំបញ្ជូនទៅកាន់ពន្ធនាគារផ្សេងទៀត។
គួរបញ្ជាក់ថា នេះគឺជាការបះបោរក្នុងពន្ធនាគារដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរបស់ស្រីលង្កា ដែលជាប្រទេសកំពុងប្រឈមមុខនឹងបញ្ហាចង្អៀតណែនខ្លាំងក្នុងពន្ធនាគារ ដោយបច្ចុប្បន្នមានអ្នកទោសសរុបរហូតដល់ទៅជាង ៤១,២៥០នាក់ ដែលជាចំនួនលើសពីសមត្ថភាពផ្ទុករបស់ពន្ធនាគារទូទាំងប្រទេសដល់ទៅ ៤ដង៕