ប៉េកាំង៖ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃចន្ទ បានប្រារព្ធខួបលើកទី១០ នៃការដាក់ឱ្យចូលបម្រើការងារផ្លូវការរបស់យន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ Y-20 ដែលមានរហស្សនាមថា «ឃុនផេង» (Kunpeng) ដែលមានតម្លៃក្នុងមួយគ្រឿងចន្លោះពី ១៥០-២៥០ លានដុលារអាម៉េរិក។ ព្រឹត្តិការណ៍នេះបានបង្ហាញពីចំណុចរបត់ដ៏សំខាន់ ក្នុងការជំរុញសមត្ថភាពចល័តយុទ្ធសាស្ត្រផ្លូវអាកាសរបស់ប្រទេសចិនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
លោក ឡី ខៃឈួន (Lei Kaiquan) ពីឡុតនៃកងទ័ពអាកាសចិន អះអាងថានៅក្នុងការប្រយុទ្ធនាពេលអនាគត ឧត្តមភាពនៃការចល័តទ័ពគឺជាគន្លឹះចម្បងក្នុងការគ្រប់គ្រងចង្វាក់នៃសមរភូមិ។ លោកបានបន្ថែមថា កងទ័ពអាកាសចិនតែងតែហ្វឹកហាត់សាកល្បងដែនកំណត់នៃសមត្ថភាព ដើម្បីពង្រឹងការធ្វើសមាហរណកម្មរវាងមនុស្សនិងម៉ាស៊ីន ក្នុងគោលដៅបង្កើតជំនាញចល័តទ័ពគ្រប់អាកាសធាតុ និងការវាយប្រហារចំគោលដៅប្រកបដោយភាពជាក់លាក់ខ្ពស់។លោកថា វត្តមានរបស់យន្តហោះ Y-20 នេះ បានធ្វើឱ្យសមត្ថភាពដឹកជញ្ជូនយុទ្ធសាស្ត្រតាមផ្លូវអាកាសរបស់ចិន បោះជំហានទៅមុខយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។
សម្រាប់លោក ឡី ខៃឈួន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមយន្តហោះ Y-20 បានពង្រីកប្រតិបត្តិការយ៉ាងធំធេងលើសពីបេសកកម្មដឹកជញ្ជូនដើមរបស់ខ្លួន ដោយបានហោះហើរបំពេញភារកិច្ចលើតំបន់ខ្ពង់រាប វាលខ្សាច់ មហាសមុទ្រ និងហោះហើរឆ្លងកាត់ព្រំដែនប្រទេសចិន។ ជាងនេះទៅទៀត វាក៏ត្រូវបានអភិវឌ្ឍទៅជាម៉ូដែលថ្មីៗជាបន្តបន្ទាប់ រួមមាន យន្តហោះចាក់ប្រេងលើអាកាស YU-20A និងវ៉ារ្យ៉ង់ Y-20B ដើម្បីបម្រើដល់កិច្ចការការពារបូរណភាពទឹកដីដ៏ធំល្វឹងល្វើយរបស់ចិនជាដើម។
គួរបញ្ជាក់ថា Y-20 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនធំដំបូងបង្អស់ ដែលត្រូវបានស្រាវជ្រាវ និងផលិតឡើងនៅក្នុងស្រុករបស់ចិនផ្ទាល់ ដោយក្រុមហ៊ុន Xi'an Aircraft Industrial Group។ គម្រោងអភិវឌ្ឍន៍យន្តហោះនេះបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ បើកការហោះហើរគំរូដំបូងក្នុងឆ្នាំ២០១៣ និងត្រូវបានដាក់ឱ្យចូលបម្រើការងារផ្លូវការនៅក្នុងឆ្នាំ២០១៦៕