អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមថា សហរដ្ឋអាម៉េរិកអាចកម្ទេចថ្នាក់ដឹកនាំកំពូលៗដែលនៅសេសសល់របស់អ៊ីរ៉ង់ដោយគ្រាន់តែបាញ់មួយគ្រាប់ប៉ុណ្ណោះក្នុងអំឡុងពេលជួបជុំគ្នានៅក្នុងពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូល អាលី ខាមេនី។ លោកត្រាំថាអាម៉េរិកនឹងមិនធ្វើដូច្នេះទេ ព្រោះនឹងមិននរណាម្នាក់មានជីវិតបន្តការចរចាជាមួយសហរដ្ឋអាម៉េរិកឡើយ។ ការបញ្ជាក់របស់លោកត្រាំធ្វើឡើងកំឡុងពេលដែលពលរដ្ឋអ៊ីរ៉ង់ជាច្រើនលាននាក់បានចូលរួមក្នុងពិធីបុណ្យសពលោក ខាមេនី ដែលមានការចូលរួមពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់។
លោកដូណាល់ ត្រាំ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Axios ថា ពួកគេទាំងអស់គ្នានៅទីនោះ គ្រាន់តែបាញ់មួយគ្រាប់ប៉ុណ្ណោះ យើងអាចកម្ចាត់ពួកគេទាំងអស់ចេញបាន ប៉ុន្តែយើងមិនធ្វើបែបនោះទេ ពីព្រោះពេលនោះយើងនឹងគ្មាននរណាម្នាក់ចរចាជាមួយទេ លោកថាអ៊ីរ៉ង់កំពុងអង្វរសុំធ្វើកិច្ចព្រមព្រៀង។
លោក ត្រាំ ក៏បានប្រតិកម្មចំពោះរូបភាពរបស់អ្នកកាន់ទុក្ខ រួមទាំងប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi លោកថាជនជាតិអ៊ីរ៉ង់ជាច្រើនមិនចូលចិត្តលោក ខាមេនី ទេ លោកសន្និដ្ឋានថាការកាន់ទុក្ខ និងអ្នកយំយែកខ្លះសម្តែងតែប៉ុណ្ណោះមិនមែនជាការពិតឡើយ។
គួររម្លឹកថាលោក អាលី ខាមេនី ដែលបានដឹកនាំអ៊ីរ៉ង់អស់រយៈពេល ៣៦ ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែធំ និងឈានរហូតដល់បិទច្រកសមុទ្រហ័រដែលជាផ្លូវដឹកប្រេងដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក៕