Img 1426
Swift cc time

មនុស្ស ២នាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀសក្រោយ«ព្យុះទីហ្វុង ម៉ៃសាក់ » វាយប្រហារភាគខាងត្បូងចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ណាននីង៖ មានយ៉ាងហោចណាស់មនុស្ស ២នាក់បានបាត់បង់ជីវិត និងប្រជាពលរដ្ឋប្រហែល ៥៥,០០០នាក់ផ្សេងទៀតបានរងផលប៉ះពាល់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ និងធ្វើឱ្យធ្លាយទំនប់អាងស្តុកទឹកមួយចំនួន នៅក្នុងទីក្រុងណាននីង (Nanning) ដែលជារដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ក្នុងនោះមានប្រជាពលរដ្ឋសរុបចំនួន ៤៨,០០0 នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានចិន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន គ្រោះមហន្តរាយ និងការជម្លៀសខ្លួនដ៏ធំនេះ បានកើតឡើងដោយសារឥទ្ធិពលនៃព្យុះទីហ្វុង ម៉ៃសាក់ (Maysak) ដែលបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានៅទូទាំងតំបន់ភាគច្រើននៃទីក្រុងណាននីង ចាប់តាំងពីម៉ោង ៨ព្រឹកថ្ងៃសៅរ៍ រហូតដល់ម៉ោង ១១ព្រឹកថ្ងៃចន្ទ។ គិតត្រឹមម៉ោង ៨យប់ថ្ងៃចន្ទដដែល នីវ៉ូទឹកនៅក្នុងទន្លេចំនួន ៥៩ ក្នុងតំបន់ក្វាងស៊ី បានហក់ឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន។

លោក ហួង លូ (Huang Lu) អនុប្រធានការិយាល័យគ្រប់គ្រងគ្រោះអាសន្នក្រុងណាននីង បានប្រាប់ថា គិតត្រឹមយប់ថ្ងៃចន្ទ ទឹកជំនន់នៅក្នុងតំបន់រងគ្រោះមួយចំនួនបានចាប់ផ្តើមបង្ហាញសញ្ញាស្រកចុះបន្តិចវិញហើយ។ ទោះជាយ៉ាងណា វិធានការព្រមានជាមុន និងការរៀបចំជម្លៀសពលរដ្ឋសម្រាប់ភូមិឋានទាំងឡាយណាដែលអាចប្រឈមនឹងជំនន់រលកបន្តបន្ទាប់ ត្រូវបានដាក់ចេញរួចរាល់ ខណៈកិច្ចប្រឹងប្រែងសង្គ្រោះកំពុងបន្តធ្វើឡើងយ៉ាងសកម្ម។

ជាការឆ្លើយតបបន្ទាន់ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានបញ្ជាក់កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកណ្តាលបានបែងចែកសម្ភារសង្គ្រោះបន្ទាន់ចំនួន ១៥០,០០០មុខ ទៅកាន់តំបន់ក្វាងស៊ី ដើម្បីជួយគាំទ្រដល់កិច្ចការងារសង្គ្រោះ ក្រោយពេលទឹកជំនន់បានវាយប្រហារលើក្រុងណាននីង ក៏ដូចជាតំបន់ក្បែរខាងដូចជាក្រុងគុយហ្គាង (Guigang)។ ក្រសួងធនធានទឹកចិនបាន ដំឡើងកម្រិតឆ្លើយតបអាសន្នចំពោះការគ្រប់គ្រងទឹកជំនន់សម្រាប់តំបន់ក្វាងស៊ី ពីកម្រិតទី៣ (Level III) ទៅកាន់កម្រិតទី២ (Level II)៕

Khcct banner

អត្ថបទទាក់ទង