Img 1426
Swift cc time

ទីក្រុងមួយនៅជប៉ុន រឹតបន្តឹងចំពោះ«អ្នកជក់បារី»តាមដងផ្លូវ នឹងត្រូវពិន័យជាប្រាក់ដល់ ១២៥ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ៊ីមេជី៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ អាជ្ញាធរទីក្រុងហ៊ីមេជី នៃប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវវិធានការរឹតបន្តឹងថ្មី ដោយដំឡើងប្រាក់ពិន័យរហូតដល់ ២០,០០០យ៉េន (ប្រហែល ១២៥ដុល្លារអាម៉េរិក) ចំពោះការជក់បារីនៅតាមដងផ្លូវក្នុងតំបន់ហាមឃាត់ ជុំវិញស្ថានីយរថភ្លើង JR Himeji និងប្រាសាទហ៊ីមេជី (Himeji Castle)។ការដំឡើងនេះត្រូវបានរាយការណ៍ថាជាកម្រិតពិន័យខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន។

យោងតាមការចេញផ្សាយរបស់កាសែត Japan Daily កាលពីមុន(ឆ្នាំ២០០៨) ទីក្រុងនេះពិន័យត្រឹម ១,០០០យ៉េន(៦ដូល្លារ)ប៉ុណ្ណោះ ប៉ុន្តែកំណើននៃការចោលកន្ទុយបារី និងក្តីបារម្ភពីគ្រោះអគ្គិភ័យ បានជំរុញឱ្យមានការដំឡើងប្រាក់ពិន័យនេះកាលពីខែមីនា ឆ្នាំ២០២៦។

ក្រោមប្រព័ន្ធថ្មី មន្ត្រីល្បាតនឹងធ្វើការព្រមាន និងណែនាំអ្នកល្មើសទៅកាន់កន្លែងជក់បារីសាធារណៈជាមុនសិន ដោយការផាកពិន័យនឹងធ្វើឡើងតែលើអ្នកជក់ណាដែលបដិសេធមិនព្រមស្តាប់តាមបញ្ជាប៉ុណ្ណោះ ព្រោះគោលបំណងចម្បងគឺដើម្បីទប់ស្កាត់ មិនមែនដើម្បីប្រមូលប្រាក់ពិន័យឡើយ។

ក្រោយការកែប្រែបទបញ្ញត្តិនេះ ចំនួនកន្ទុយបារីដែលត្រូវបានចោលក្នុងតំបន់ត្រួតពិនិត្យបានធ្លាក់ចុះយ៉ាងគំហុក ពី ៧៣២កន្ទុយ ក្នុងអំឡុងខែមេសា-ឧសភាកាលពីឆ្នាំមុន មកនៅត្រឹមតែ ៣១៣កន្ទុយប៉ុណ្ណោះក្នុងឆ្នាំនេះ។

តាមប្រភពព័ត៌មាន ទីក្រុងហ៊ីមេជី ត្រូវចំណាយថវិការហូតដល់ប្រហែល ២០លានយ៉េន សម្រាប់ការសាងសង់បន្ទប់ជក់បារីថ្មី និងចំណាយប្រចាំឆ្នាំប្រមាណ ៣លានយ៉េនទៀតសម្រាប់ការថែទាំ ដើម្បីរក្សាតុល្យភាពរវាងចំណូលពន្ធថ្នាំជក់ និងការរស់នៅប្រកបដោយសុខដុមរមនារវាងអ្នកជក់បារី និងអ្នកមិនជក់បារី៕

Khcct banner

អត្ថបទទាក់ទង