ណៃពិដោ៖ របបសឹក មីយ៉ាន់ម៉ា បានបង្កើតគណៈកម្មាធិការថ្មីមួយ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអតីតមន្ត្រីជាន់ខ្ពស់ផ្នែកសម្ងាត់យោធា លោក មិន ធូ (Min Thu) ដើម្បីតាមដានបណ្តាញអ៊ីនធឺណិតពេញ ២៤ម៉ោង ក្នុងគោលបំណងបង្ក្រាប «ព័ត៌មានក្លែងក្លាយ និងការវាយប្រហារផ្នែកនយោបាយ» ដោយសូម្បីតែការចុច Share ឬ Like លើការបង្ហោះរិះគន់យោធាក៏អាចត្រូវប្រឈមមុខនឹងច្បាប់ដែរ។
យោងតាមការចេញផ្សាយរបស់កាសែត Irrawaddy ចន្លោះឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ របបសឹកបានចាត់វិធានការច្បាប់លើអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ២១,៣៦៩នាក់ ហើយជិត ២០,០០០នាក់ ត្រូវបានចោទប្រកាន់ពីបទប្រឆាំងភេរវកម្ម។
ចំពោះគណៈកម្មាធិការថ្មីនេះ រួមបញ្ចូលមន្ត្រីជាន់ខ្ពស់ពីក្រសួងសំខាន់ៗ ធនាគារកណ្តាល និងស្ថាប័នសម្ងាត់យោធា ដោយមានច្បាប់បង្ខំឱ្យក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារទាំងអស់សហការ។បន្ថែមពីនេះ មីយ៉ាន់ម៉ា ក៏កំពុងជម្រុញកិច្ចសហប្រតិបត្តិការជាមួយចិនលើផ្នែកបច្ចេកវិទ្យាឈ្លបយកការណ៍ (Surveillance Technology) ដើម្បីពង្រឹងការគ្រប់គ្រងឌីជីថលបន្ថែមទៀត៕