ភ្នំពេញ៖ កញ្ញា ភូ ស្រីម៉ៃ អតីតកាលធ្លាប់ជាក្មេងស្រីដើរលក់នំកង មានជីវភាពខ្វះខាតស្ទើរតែបោះបង់ការសិក្សា ប្រែក្លាយជោគវាសនាជាវិស្វករបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ កើតក្នុងគ្រួសារមានជីវភាពក្រីក្រ និងអតីតកាលខ្មៅងងឹត ស្រីម៉ៃ មិនបណ្តែតបណ្តោយជោគវាសនាតាមយថាកម្ម ប្រឹងប្រែងដុះខាត់សមត្ថភាពជំនាញផ្នែកបច្ចេកវិទ្យាតាំងពីនៅវិទ្យាល័យ រហូតជោគជ័យទទួលបានការងារល្អ១ ផ្លាស់ប្តូរជីវភាពគ្រួសារប្រសើរឡើងជាងមុន។
ក្រោមការជួយរបស់អង្គការមូលនិធិកុមារកម្ពុជា - CCF កញ្ញា ភូ ស្រីម៉ៃ ទទួលបានឱកាសសិក្សារៀនសូត្រ ផ្លាស់ប្តូរផ្នាត់គំនិតមកជាវិជ្ជមាន មានក្តីសង្ឈឹមក្នុងជីវិត។ តាំងពីវិទ្យាល័យ ស្រីម៉ៃ តែងចាប់យកឱកាសនានាដូចជា ការចូលរួមប្រកួតផ្នែកបច្ចេកវិទ្យាទាំងថ្នាក់ជាតិ និងអន្តរជាតិ រហូតតំណាងឱ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិ។ ការតស៊ូនៅសាកលវិទ្យាល័យ ស្រីម៉ៃ ជ្រើសរើសការអនុវត្តជាជាងការសិក្សាតែក្នុងសាលា។ សមត្ថភាពដែលមាននាពេលនេះ កើតចេញពីការចេះចាប់យកឱកាសតាមរយៈ ការចូលរួមប្រកួត ការហាត់ការ ចូលរួមកិច្ចស្រាវជ្រាវជាដើម។
ក្រោយបទពិសោធន៍ជីវិតដ៏ជូចត់ កញ្ញា ភូ ស្រីម៉ៃ តែងតែចាំក្នុងចិត្ត និងចែករំលែកដល់ក្មេងដទៃទៀតថា «ទីកន្លែងកំណើតរបស់យើង មិនបានកំណត់ជោគវាសនារបស់យើងបានទេ មិនថាកើតនៅកន្លែងណា ជីវិតធ្លាក់ដល់កម្រិតណា យើងនៅតែងើបបានរហូត»៕
សូមទស្សនាវីដេអូសម្ភាសន៍ពេញ៖