ប៉េកាំង៖ ទីភ្នាក់ងារអវកាសជាតិចិន (CNSA) បានប្រកាសនៅថ្ងៃចន្ទនេះថា យានរុករកអវកាស Tianwen-2 របស់ខ្លួន បានហោះទៅដល់ចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រពីអាចម៍ផ្កាយ “2016HO3” ដោយជោគជ័យ។ នេះជាការបើកផ្លូវឱ្យចាប់ផ្តើមបេសកកម្មរុករកផ្នែកវិទ្យាសាស្ត្រ បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ទីអវកាសអស់រយៈពេលប្រហែល ៤០០ថ្ងៃ ក្នុងចម្ងាយផ្លូវជិត ១ពាន់លានគីឡូម៉ែត្រ។នេះបើតាមនការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+។
បើតាមទីភ្នាក់ងារអវកាសជាតិចិន ក្នុងអំឡុងពេលហោះចូលទៅកៀក យានរុករកនេះបានថតរូបភាព និងប្រើប្រាស់ទិន្នន័យអុបទិក ដើម្បីកំណត់ទីតាំងរបស់អាចម៍ផ្កាយ 2016HO3 ឱ្យកាន់តែច្បាស់លាស់ពីកម្រិតរាប់រយគីឡូម៉ែត្រ មកនៅត្រឹមកម្រិតគីឡូម៉ែត្រ។
មុននឹងទៅដល់ចម្ងាយ ២០គីឡូម៉ែត្រនេះ យាន Tianwen-2 បានធ្វើសមយុទ្ធក្នុងលំហអាកាសជ្រៅ និងបានចាប់សញ្ញាឃើញអាចម៍ផ្កាយនេះជាលើកដំបូងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ រួចបន្តហោះចូលគន្លងស្របគ្នាក្នុងចម្ងាយ ៣០,០០០គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែមិថុនា និងខិតជិតដល់ចម្ងាយ ២,០០០គីឡូម៉ែត្រ កាលពីថ្ងៃទី១៩ ខែមិថុនា។
ទីភ្នាក់ងារអវកាសចិនបានបន្ថែមថា ក្នុងជំហានបន្ទាប់ យាននេះនឹងសិក្សាលម្អិតអំពីទម្រង់រូបរាង សមាសធាតុធាតុដើម និងរចនាសម្ព័ន្ធខាងក្នុង ដើម្បីរៀបចំគ្រឹះសម្រាប់ប្រតិបត្តិការចុះចតប្រមូលសំណាកមករកផែនដីវិញ។
គូររំលឹកថា ចិនបានបង្ហោះយាន Tianwen-2 កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងបេសកកម្មរយៈពេល ១ទសវត្សរ៍ ដើម្បីប្រមូលសំណាកពីអាចម៍ផ្កាយក្បែរផែនដី (2016HO3) និងបន្តទៅរុករកផ្កាយដុះកន្ទុយ 311P ដែលស្ថិតនៅឆ្ងាយជាងភពអង្គារ៕