Img 1426
Swift cc time

លោក ស៊ី ជីនពីង តែងតាំងឧត្តមសេនីយ៍កំពូល ២រូប ក្រោយដកមន្រ្តីពុករលួយចេញជាបន្តបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ប្រមុខដឹកនាំចិន លោក ស៊ី ជីនពីង បានសម្រេចដំឡើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ឯក (General) ជូនដល់នាយទាហានជាន់ខ្ពស់ចំនួន ២រូប។សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញានៃការត្រៀមរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលឡើងវិញ បន្ទាប់ពីមានការដកហូតតំណែងមន្ត្រីយោធាជាបន្តបន្ទាប់ នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ។

យោងតាមការចេញផ្សាយរបស់កាសែត South China Morning Post ក្នុងពិធីផ្លូវការមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ស៊ី ជីនពីង បានប្រគល់ដីកាតែងតាំងដំឡើងស័ក្តិដល់ លោក ចាង ស៊ូក្វាង (Zhang Shuguang) និង មេបញ្ជាការកងទ័ពអាកាស លោក វ៉ាង ហ្គាំង (Wang Gang)។ លោក ចាង ស៊ូក្វាង ក៏ត្រូវបានតែងតាំងជាប្រធានផ្នែកស៊ើបអង្កេតអំពើពុករលួយ ប្រចាំគណៈកម្មាធិការយោធាមជ្ឈិម (CMC) ជាស្ថាប័នយោធាកំពូលរបស់ប្រទេសចិន។

អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូប គឺលោក វៃ ហ្វេងហឺ និងលោក លី សាំងហ្វ៊ូ ត្រូវប្រឈមមុខទោសប្រហារជីវិត ពីបទពុករលួយ។

ការដំឡើងឋានន្តរស័ក្តិនេះ អាចនឹងបើកផ្លូវឱ្យនាយទាហានទាំងពីររូប ចូលទៅបំពេញកៅអីទំនេរនៅក្នុងគណៈកម្មាធិការដែលមានសមាជិក ៧រូបមួយនេះ ដែលបច្ចុប្បន្ន ត្រូវបានកាត់បន្ថយមកនៅសល់សមាជិកសកម្មតែ ២រូប ក្រោយការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយ។ ក្រុមអ្នកវិភាគ វាយតម្លៃថា លោក ចាង ស៊ូក្វាង គឺជាបេក្ខជនឈានមុខគេម្នាក់ ក្នុងការបំពេញតំណែងទំនេរនេះ។

អ្នកជំនាញមកពីវិទ្យាស្ថានការសិក្សាអន្តរជាតិ S. Rajaratnam ប្រទេសសិង្ហបុរី បានលើកឡើងថា ការរុះរើនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីកែទម្រង់ប្រព័ន្ធយោធា និង ធានាឱ្យបាននូវភក្ដីភាពដាច់ខាតចំពោះបក្សកុម្មុយនីស្តចិន និងរូបលោក ស៊ី ជីនពីង ផ្ទាល់។ លោកពន្យល់ថា សកម្មភាពនេះ ធ្វើឡើងចំពេលលោក ស៊ី កំពុងជំរុញល្បឿននៃការធ្វើទំនើបកម្មកងទ័ព ដើម្បីការពារផលប្រយោជន៍របស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក បញ្ហាកោះតៃវ៉ាន់ និងការទាមទារដែនដីផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង