គៀវ៖ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើទីគ្រុងគៀវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងបំផ្លាញអគារផ្ទះល្វែង និងអគារផ្សេងៗទៀតយ៉ាងធ្ងន់ធ្ងរ ដែលនេះជាការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងឆ្នាំនេះ។ ការវាយប្រហារដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែននេះធ្វើឡើងមុនប្រមុខមេដឹកនាំណាតូនឹងជួបជុំគ្នានៅទីក្រុងអង់ការ៉ា នៃប្រទេសតួកគីសម្រាប់កិច្ចប្រជុំកំពូលណាតូមួយដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ។
បើតាមលោក Tymur Tkachenko ប្រធានរដ្ឋបាលយោធានៃតំបន់គៀវ អះអាងថាមនុស្សប្រាំបួននាក់បានស្លាប់ និងបួននាក់ទៀតរងរបួសក្នុងការវាយប្រហាររបស់រុស្ស៊ីនៅយប់ឈានចូលថ្ងៃ ច័ន្ទ សប្តាហ៍នេះ ដោយនៅពេលនេះប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។ លោកថាការវាយប្រហាររបស់រុស្ស៊ីថ្មីនេះបានបំផ្លាញអគារនៅដ្ឋានចំនួន ១៥ ត្រូវបានខូចខាត រួមទាំងអគារកម្ពស់ប្រាំបួនជាន់នៅក្នុងស្រុក Podilskyi ។
ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាលថាខ្លួនបានធ្វើការវាយប្រហារដ៏ធំនេះលើទីក្រុងគៀវ និងទីតាំងផ្សេងទៀតដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក ដោយគោលដៅវាយប្រហារនោះរួមមានមូលដ្ឋានយោធា និងថាមពលនៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញ ក៏ដូចជាអាកាសយានដ្ឋានយោធានៅក្នុងតំបន់អ៊ុយក្រែនជាច្រើនទៀត៕